អគ្គលេខាធិការព្រឹទ្ធសភា៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាលេីកដំបូង បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចធិបតី សំដៅជំរុញការអភិវឌ្ឍកម្ពុជាថែមទៀត
ភ្នំពេញ៖ លោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា សមាជរដ្ឋសភា និងព្រឹទ្ធសភា រៀបចំឡេីងរយៈពេល២ថ្ងៃ ប្រេីប្រាស់ពេលយ៉ាងយូរ គឺជិត២៩ម៉ោង នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាជ និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា សំដៅជំរុញការអភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រេីនថែមទៀត ។
លោក អគ្គលេខាធិការ ព្រឹទ្ធសភា មានប្រសាសន៍បែបនេះ ក្នុងសន្និសីទ សារព័ត៌មាន ស្តីពីលទ្ធផលសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា។
លោក ឡាយ សំកុល បន្ថែមថា សមាជ ដែលមានសមាជិកចូលរួមចំនួន៦៩នាក់ បានឡេីងបញ្ចេញមតិយោបល់ ជាធាតុចូលនោះ បានធ្វេីឡេីងជាលេីកដំបូង គិតចាប់តាំងពីប្រកាសឱ្យប្រេីប្រាស់ច្បាប់នៃការរៀបចំនិងប្រព្រឹត្តទៅនៃសមាជ រដ្ឋសភា និងព្រឹទ្ធសភា កាលពីឆ្នាំ២០១១ ។
លោកឱ្យដឹងដែរថា ការពិភាក្សាក្នុងសមាជនេះ មានការក្បោះក្បាយ និងផុសផុលបំផុត និងការផ្សាយផ្ទាល់ជាការឱ្យប្រជាពលរដ្ឋបានដឹកពីការខិតខំរបស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ចំពោះការខិតខំដេីម្បីប្រទេសជាតិ។
លោកបញ្ជាក់ថា សមាជនេះក៏ជាឱកាសសម្រាប់តំណាងឱ្យបក្សជាសមាជិកក្នុងរដ្ឋសភា និងព្រឹទ្ធសភា បញ្ចេញមតិយោបល់ជាធាតុចូលផងដែរ។
បេីតាមលោក ឡាយ សំកុល, មានតំណាង២៩គណបក្សនយោបាយបានចូលរួម ក្នុងនោះរួមទាំងបក្សប្រជាជនកម្ពុជា ផងដែរ ដេីម្បីឱ្យបញ្ចូលធាតុចូលបន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយ ឱ្យកាន់តែមានភាពល្អប្រសេីរនាពេលអនាគត។
សូមជម្រាបថា អង្គប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភារយៈពេល២ថ្ងៃនេះ បានផ្ដោតទៅលើរបៀបវារៈចំនួន៣
យកមកពិភាក្សា រួមមាន ១.ប្រធានបទទី១ ស្ដីពីប្រព័ន្ធគាំពារសង្គម, ២.ប្រធានបទទី២ ស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង៣.ប្រធានទី៣ ស្ដីពីវិស័យកសិកម្ម។
សមាជរដ្ឋសភា និងព្រឹទ្ធសភាបានរៀបចំធ្វើឡើង តបតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សមាសភាពរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងមានថ្នាក់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងឥស្សរជនបច្ចេកទេសពាក់ព័ន្ធ ចំនួន៨៣រូប និងប្រតិភូគណបក្សនយោបាយ ជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ចំនួន២៧នាក់។
សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលបានបម្រើឱ្យឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត បង្ហាញពីស្មារតីទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងអង្គការនីតិប្បញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងភាគីពាក់ព័ន្ធក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ, ប៉ក់ សុឃីម