សង្គម

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យភាគីកម្ពុជា-វៀតណាម មានការព្រមព្រៀងគ្នា និងជំរុញបន្ថែមទៀត ក្នុងការបោះបង្គោលព្រំដែន ដែលនៅសេសសល់១៦ភាគរយទៀត ឱ្យបានឆាប់នាពេលខាងមុខ

image


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង(Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងជាអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រាប់ទៅលោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមថា ទាក់ទងទៅនឹងព្រំដែន កម្ពុជា-វៀតណាម ជាពិសេសទាក់ទងទៅនឹងការបោះបង្គោលព្រំដែន ដែលនៅសេសសល់ ១៦%ទៀត ដោយសម្ដេចបានជំរុញឱ្យ មានការព្រមព្រៀងគ្នា និងជំរុញបន្ថែមទៀត ក្នុងការបោះបង្គោលព្រំដែន ដែលនៅសេសសល់ ឱ្យបានឆាប់នាពេលខាងមុខ។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ លោកនាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង (Nguyen Tan Cuong) ដែលជាមិត្តចាស់របស់កម្ពុជា ខណៈដែលលោកអញ្ជើញបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្ដេចតេជោពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា-វៀតណាម ដែលបន្តកាន់តែរឹងមាំ និងស្អិតរមួតផ្អែកលើស្មារតីមិត្តភាពប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ លើគ្រប់វិស័យ។ សម្ដេចតេជោជឿជាក់ថា ទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរបន្ថែមទៀត ពិសេសនៅក្នុងវិស័យកងទ័ព។

លោកក៏បានសរសើរពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសការថែរក្សាបាននូវស្ថិរភាព សន្តិភាពនៅក្នុងប្រទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ច។ លោកក៏បានលើកឡើងអំពីគម្រោង នៃការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីរនៃប្រទេសវៀតណាម ដោយលោកបានបញ្ជាក់ថា គម្រោងនៃការសាងសង់ស្តូបនេះ នឹងបង្ហាញទៅកាន់ប្រទេសជាតិ និងអន្តរជាតិឱ្យបានយល់កាន់តែស៊ីជម្រៅ អំពីទំនាក់ទំនងដ៏ស្អិតរមួនរវាង កម្ពុជានិងវៀតណាមនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងវិស័យកងទ័ព ដែលបានតវ៉ាងើបពីអាណានិគមនាពេលកន្លងមក។

លោកក៏បាននាំនូវការអញ្ជើញរបស់ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ចំពោះសម្ដេចតេជោ អញ្ជើញចូលរួមក្នុងទិវាអបអរសាទរថ្ងៃជ័យជំនះ៨០ឆ្នាំ នៃថ្ងៃឯករាជ្យជាតិវៀតណាម នៅពេលខាងមុខ។

ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ពីទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម ជាពិសេសរំលឹកព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ឆ្នាំ២០២៥ ខាងមុខ ដែលជាខួបទី៤៨ ឆ្នាំ នៃដំណើររបស់សម្ដេចឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីឈានទៅរកការរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ហើយនៅពេលខាងមុខនោះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី។

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា សម្រាប់ខួបទី៥០ (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ) សម្ដេចនឹងអញ្ជើញទៅផ្ទាល់តែម្ដង ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រ ក្នុងពេលដែលសម្ដេចធ្វើដំណើរចូលទៅកាន់ប្រទេសវៀតណាម ដោយយកអាយុជីវិតជាដើមទុន ដើម្បីមករំដោះប្រទេសជាតិ។

សម្ដេចតេជោបានមានប្រសាសន៍លើកឡើងផងដែរ អំពីកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យកងទ័ព ដោយកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ មានភាពស្អិតរមួត ហើយក៏ជាផ្នែកមួយនៃការជំរុញបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោក៏បានរំលេចផងដែរ ទាក់ទងទៅនឹងការកសាងស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ដែលស្តុបនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ដែលស្នើតាំងពីមុនឆ្នាំ២០២០ គឺមុនកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យមានស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងប្រទេសវៀតណាម ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីការដឹងគុណគ្នាទៅវិញទៅមក។ ទាក់ទងទៅនឹងការអញ្ជើញរបស់ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញសម្ដេចចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃឯករាជ្យជាតិវៀតណាម សម្ដេចនឹងអញ្ជើញទៅចូលរួមនាពេលខាងមុខផងដែរ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម, ង៉ាន់ សំណាង