សង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ឲ្យភាគីពាក់ព័ន្ធសូមសហការក្នុងការបន្តអភិវឌ្ឍកុមារ និង យុវជន ប្រកាន់ខ្ជាប់ នូវទង្វើវិជ្ជមាន និងសីលធម៌

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ក្រសួងអប់រំ យុវជន និង កីឡា និង ភាគីពាក់ព័ន្ធក្នុងសហគមន៍ មាតា បិតា និងអាណាព្យាបាល សូមសហការក្នុងការបន្តអភិវឌ្ឍកុមារ និង យុវជន ឱ្យមានស្មារតីទទួលខុសត្រូវមានជំនឿលើសមត្ថភាពរបស់ខ្លួន និង ប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ”
កម្មវិធីយុវជនស្ម័គ្រចិត្ត និង ការលើកទឹកចិត្តឱ្យយុវជនចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និង ជំនាញទន់ដល់យុវជនសំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និង ភាពរឹងមាំនៃកោសិកាសង្គម"។

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្លាំងលើវិស័យអប់រំ ក្នុងនោះសាលារៀនដែលជាអង្គភាពផ្តល់សេវាសាធារណៈនៅជិតប្រជាពលរដ្ឋ មានភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់នូវវិជ្ជាសម្បទា, បំណិនសម្បទា និង ចរិយាសម្បទាដល់សិស្សានុសិស្សគ្រប់រូប។ ដូច្នេះទាមទារឱ្យសាលារៀនត្រូវពង្រឹងអភិបាលកិច្ច
និង ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស សហគមន៍ និង
មាតាបិតា ក្នុងការអភិវឌ្ឍសាលារៀនគ្រប់ជ្រុងជ្រោយ ស្របតាមស្តង់ដាសាលារៀនគំរូ"។


សម្តេចបវរធិបតី បានថ្លែងសូមលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្ត បន្តសហការ ដើម្បីលើកស្ទួយវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្ដល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ កិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ក្នុងការពង្រឹងអភិបាលកិច្ចសាលារៀន និង ការអភិវឌ្ឍប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម, ទំនើបកម្ម ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាអ្នកបន្តវេន និង ជាសសរទ្រូងដ៏រឹងមាំសំដៅឈានឆ្ពោះដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕