ព័ត៌មានអន្តរជាតិ

ចិនស្វែងរកចំណងទាក់ទងឱ្យកាន់តែប្រសើរជាមួយនឹងកាណាដា ស្របពេលសភាពតានតឹងពាណិជ្ជកម្មកំពុងតែកើនឡើង

image


ចិន៖ ប្រទេសចិនបានអំពាវនាវកាលពីថ្មីៗកន្លងទៅ ដោយជំរុញឱ្យមានការបោះជំហាន កែលម្អទំនាក់ទំនងទ្វេភាគីជាមួយនឹងប្រទេសកាណាដា ដោយបានលើកឡើងថា មិនមានជម្លោះផលប្រយោជន៍ដ៏ស៊ីជម្រៅនោះទេ បន្ទាប់ពីភាពតានតឹងពាណិជ្ជកម្មកើនឡើងជាមួយដៃគូពាណិជ្ជកម្មលោកខាងលិចជាច្រើនរបស់ទីក្រុងប៉េកាំងនៅឆ្នាំនេះ។
លោកនាយករដ្ឋមន្ត្រីចិន លី ឈឿង (Li Qiang) បានប្រាប់ទៅកាន់លោកនាយករដ្ឋមន្ត្រីកាណាដា ម៉ាក ខានី (Mark Carney) នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃសុក្រថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយនឹងប្រទេសកាណាដាដើម្បីបន្តកិច្ចទំនាក់ទំនងលើផ្លូវត្រូវ និងមានស្ថិរភាព រួមទំាងការស្វែងរកដំណោះស្រាយទៅលើកង្វល់របស់គ្នាទៅវិញទៅមកតាមរយៈការពិភាក្សាដ៏ប្រសើរនេះ។
គួររំលឹកដែរថា កាលពីខែមីនាកន្លងទៅ រដ្ឋការទីក្រុងប៉េកាំងបានប្រកាសពន្ធបដិការលើផលិតផលកសិកម្ម និងផលិតផលផ្នែកចំណីអាហាររបស់កាណាដា ដែលមានតម្លៃជាង ២.៦ ពាន់លានដុល្លារអាម៉េរិក ដើម្បីជាការសងសឹកចំពោះការយកពន្ធរបស់ទីក្រុង Ottawa មកលើរថយន្តអគ្គិសនីចិន និងផលិតផលដែកថែប រួមទំាងប្រភេទអាលុយមីញ៉ូមជាដើម។
ស្ថិតនៅក្នុងបរិការណ៍នេះដែរ លោក លី បានប្រាប់ដល់លោក ខាមី ថា "រដ្ឋាភិបាលទាំងពីរគួរតែស្តាប់ និងឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រជាជន ហើយត្រូវធ្វើបន្ថែមទៀតដើម្បីឱ្យមានភាពស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមិត្តភាព និងបង្កើនការយល់ដឹង រួមទំាងការជឿទុកចិត្តគ្នាទៅវិញទៅមក" ។
ដោយយោងតាមទិន្នន័យគយរបស់ចិនបានឱ្យដឹងថា ប្រទេសកាណាដាបាននាំចេញទំនិញមានតម្លៃ ៤៧ ពាន់លានដុល្លារអាម៉េរិកទៅកាន់ប្រទេសចិន ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ធំទីពីររបស់ពិភពលោក កាលពីឆ្នាំ២០២៤ ។
លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តី លី ក៏បានបន្ថែមទៀតថា ទីក្រុងប៉េកាំងក៏មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសកាណាដាដើម្បីការពារពហុភាគីនិយម និងពាណិជ្ជកម្មសេរីផងដែរ៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters