ព័ត៌មានជាតិ

ពលរដ្ឋ៤០គ្រួសាររស់នៅលើអូលូប្រឡាយទទួលយកដំណោះស្រាយដោយព្រមររុះរើផ្ទះដោយខ្លួនឯង

image

ខេត្តព្រះសីហនុ ៖លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយប្រជាពលរដ្ឋចំនួន ៤០ គ្រួសារដែលរស់នៅតាមបណ្ដោយអូរ អិលវី ដល់អង្គការម្លប់តាប៉ាង ដែលផ្ទះពួកគាត់ត្រូវរងផលប៉ះពាល់កាយទាំងស្រុង ពីការកាយអូតាមប្លង់ប្រព័ន្ធ។

ក្នុងកិច្ចប្រជុំដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងសាធារណការសាលាខេត្ត មន្ត្រីមន្ទីរសាធារណការមន្ទីរធនធានទឹក មន្ទីររៀបចំដែនដីមន្ត្រីសាលាក្រុងភូមិបាលក្រុងនិងអាជ្ញាធរមូលដ្ឋាន។

មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំនាឱកាសនោះលោក អ៊ី សុខឡេង អភិបាលក្រុងបាន ឲ្យដឹងថា ការដោះស្រាយ ផលប៉ះពាល់និងប្រជាពលរដ្ឋដែលគាត់រស់នៅលើអូប្រឡាយ គាត់អាស្រ័យផលលើអូរ ហើយបើមានតែដីអត់ផ្ទះរស់នៅ ក៏មិនដោះស្រាយឲ្យដែរ គឺដោះស្រាយតែបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើអូប្រឡាយយូរមកហើយ ក្នុងនោះមានទំហំ ប៉ុណ្ណា ក៏ដូចជាដីនៅទីតាំងណានោះ លោកមិនទាន់ប្រាប់នៅឡើយនោះទេ ក៏ប៉ុន្តែ លោកបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តព្រះសីហនុ កំពុងតែរកដីដើម្បីចាត់ចែងជូនពួកគាត់។ 

ដូចនេះកិច្ចប្រជុំរវាងអាជ្ញាធរក្រុងជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើអូរប្រឡាយកាលពីថ្ងៃទី ៤ ខែកុម្ភៈឆ្នាំ ២០២០ ម្សិលមិញនេះ គឺមានការសម្របសម្រួលរកការឯកភាព មួយដោយពួកគាត់បានព្រម ទទួលយកសំណើ របស់រដ្ឋបាលក្រុងនិង ព្រមរុះរើផ្ទះរបស់ពួកគាត់ដោយខ្លួនឯង ។

ក្នុងកិច្ចប្រជុំនោះលោក អ៊ី សុខឡេងអភិបាលក្រុងក៏បានបញ្ជាក់បន្ថែមថាចំពោះ អ្នកស្ម័គ្រចិត្ត ចូលរួមជាមួយនឹងរដ្ឋបាលក្រុង ក៏ដូចជាក្រុមការងារស្តារប្រព័ន្ធអូរប្រឡាយក្នុងការស្ដារ នៅទូទាំងក្រុងនាពេលកន្លងមក ក៏រដ្ឋបាលខេត្តមានគោលការណ៍ ដោះស្រាយជូនដូចៗគ្នាមិនមែនទាល់តែមានការប្ដឹងតវ៉ា ទើបរដ្ឋបាលខេត្ត ដោះស្រាយគោលនយោបាយនោះទេ ព្រោះក្រុមការងារអាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរក្រុងបានស្រង់ស្ថិតិចំពោះបងប្អូនដែលរស់នៅពិតប្រាកដ នាពេលកន្លងមករួចរាល់អស់ហើយ។

ក្នុងកិច្ចប្រជុំនោះលោកអភិបាលក្រុងក៏បាន កោតសរសើរនិងស្មារតីចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ ដែលរស់នៅលើអូក្នុងតំបន់ អូ អិលវី ដែលបានចូលរួមសហការជាមួយនឹងរដ្ឋបាលក្រុង ក៏ដូចជាក្រុមការងារស្ដារ ប្រព័ន្ធអូរប្រឡាយ ធ្វើយ៉ាងណាឱ្យបាន លឿននិងបានរួចរាល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។ 

ទាំងអស់នេះគឺជាគោលការណ៍រួមរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ក្នុងការស្ដារប្រព័ន្ធអូទាំង ៥ ខ្សែដើម្បីបញ្ចៀសនូវរាល់ការ កកស្ទះចរន្តទឹកហូរនៅពេលដែលមានភ្លៀងខ្លាំងម្ដងៗបង្កទៅជាជំនន់លិចលង់ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុនាពេលកន្លងមក។ 

លោកអភិបាលក្រុងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរស់នៅទីតាំងផ្សេងៗទៀតនឹងចូលរួមសហការដូចបងប្អូនទាំង ៤០គ្រួសារនេះ ជាគំរូស្រាប់ ដើម្បីធ្វើយ៉ាងណាឱ្យក្រុងរបស់យើង បំបាត់នូវការកកស្ទះដោយសារការកសាងសំណង់ផ្សេងៗ នៅលើអូប្រឡាយ ក៏ដូចជាការចាក់លុបយកដីអូប្រឡាយនិងប្រព័ន្ធលូធ្វើជាកម្មសិទ្ធិ៕ដោយ៖ ប៉ៃ សុឃីម