ព័ត៌មានអន្តរជាតិ

សហរដ្ឋអាម៉េរិក និងចិន ព្រមព្រៀងលើលក្ខខណ្ឌពាណិជ្ជកម្មជាមូលដ្ឋាន ក្រោយចរចា ២ថ្ងៃនៅក្នុងទីក្រុងឡុងដ៍

image


សហរដ្ឋអាម៉េរិក-ចិន៖ សហរដ្ឋអាម៉េរិកនិងចិន បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋាន ជុំវិញរបៀបឬលក្ខខណ្ឌដែលភាគីទាំងពីរនឹងឆ្ពោះទៅមុខលើផ្នែកពាណិជ្ជកម្ម ដោយរឿងនេះ បានកើតឡើងបន្ទាប់ពីមានកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅឯទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។

មន្ត្រីចរចាពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មចិន លោក លី ឆឹងហ្គាង (Li Chenggang) បានថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនេះ ផ្អែកលើអ្វីដែលមេដឹកនាំនៃប្រជាជាតិទាំងពីរ បានពិភាក្សាគ្នារួចមកហើយក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទកាលពីថ្ងៃទី៥ ខែមិថុនា និងក្នុងអំឡុងកិច្ចពិភាក្សាកាលពីខែមុននៅឯទីក្រុងហ្សឺណែវ ។

ទោះបីជាព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះ មិនទាន់មានការចេញផ្សាយជាសាធារណៈនៅឡើយក៏ដោយ ប៉ុន្តែមន្ត្រីសហរដ្ឋអាម៉េរិក រំពឹងថា បញ្ហាដ៏សំខាន់នៃការនាំចេញធនធានរ៉ែកម្រ និងសមាសធាតុផ្សេងទៀត នឹងត្រូវបានដោះស្រាយ ដោយសារធាតុទាំងនោះ មានសារៈសំខាន់ជាខ្លាំងក្នុងការផលិតគ្រឿងអេឡិចត្រូនិក និងផលិតផលបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ។

គួររម្លឹកថា កិច្ចពិភាក្សានៅក្នុងទីក្រុងឡុងដ៍ ត្រូវបានជំរុញដោយរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Trump) ដើម្បីធានាថា ប្រទេសចិនធ្វើតាមការសន្យារបស់ខ្លួនក្នុងការអនុញ្ញាតឱ្យមានការនាំចេញរ៉ែកម្រកាន់តែងាយស្រួល។ ការសន្យានោះ បានធ្វើឡើងក្នុងអំឡុងកិច្ចចរចាក្នុងទីក្រុងហ្សឺណែវ ដោយនាំឱ្យមានការផ្អាកយកពន្ធគយថ្មី ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNN/ Bloomberg | រូបភាព៖ Reuters/ CNN