អាជ្ញាធរស្រុកទឹកឈូ ផ្តល់សេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃជូនដល់ទេសចរជាតិ និងអន្តរជាតិ
កំពត៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជននៅស្រុកទឹកឈូ រួមនឹងអង្គការដៃគូ បានរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយសេវាទេសចរណ៍ថ្មីៗរបស់ស្រុក ក្រោមប្រធានបទ “ការជិះកង់កម្សាន្តដើម្បីសុខភាព ការអប់រំ បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋាន” ជាការលើកទឹកចិត្តឱ្យទេសចរជាតិ និងអន្តរជាតិ មកយកកងជិះកម្សាន្តជំនួសរថយន្ត ឬម៉ូតូរបស់ពួកគេ។ ការរៀបចំដំណើរកម្សាន្តដោយការជិះកង់នេះ នឹងផ្តល់ប្រយោជន៍រួមច្រើនយ៉ាង។
លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ការរួមគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ជាយុទ្ធនាការមួយដើម្បីរួមគ្នាផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យបានដឹងថា ស្រុកទឹកឈូ ចាប់ផ្តើមផ្តល់សេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃសម្រាប់អ្នកដែលចង់មកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងស្រុក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយសារការជិះម៉ូតូ ឬរថយន្ត និងដើម្បីសុខភាពផងដែរ។ ការមកទទួលសេវាជិះកង់កម្សាន្តនៅសាលាស្រុក ជាការរួមចំណែកក្នុងការជួយលើកកម្ពស់សុខភាព បរិស្ថាន និងទេសចរណ៍ ក៏ដូចជាជួយជំរុញដល់សេដ្ឋកិច្ចនៅមូលដ្ឋានផងដែរ។
ជាមួយគ្នានេះដែរ លោក វន សំភាស់ នាយកអង្គការ អេដ អេ អាកស្យុង ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងដែរថា អង្គការរបស់លោកពិតជារីករាយក្នុងការចូលរួមចំណែកទាំងសម្ភារ និងថវិកាជាមួយរដ្ឋបាលស្រុកទឹកឈូ ដើម្បីធ្វើឱ្យសេវាជិះកង់កម្សាន្តមួយនេះក្លាយទៅជាកម្មភាពទេសចរណ៍ទាក់ទាញថ្មីមួយបន្ថែមទៀតរបស់ស្រុក។ ការរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយសេវាទេសចរណ៍ថ្មីៗរបស់ស្រុក ក្រោមប្រធានបទ “ការជិះកង់កម្សាន្តដើម្បីសុខភាព ការអប់រំ បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋាន” នាពេលនេះ ធ្វើឡើងក្នុងបំណង់ផ្សារភ្ជាប់សកម្មភាពកីឡា ទេសចរណ៍ បរិស្ថាន និងការអប់រំ។
សូមបញ្ជាក់ថា ស្រុកទឹកឈូ មានរមណីយដ្ឋានជាច្រើនដែលមានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីសាលាស្រុកទេ ហើយផ្លូវធ្វើដំណើរក៏ងាយស្រួល ព្រោះជាផ្លូវបេតុង និងកៅស៊ូទាំងអស់។ ទន្ទឹមនឹងនោះភ្ញៀវទេសចរក៏អាចមានជម្រើសច្រើនក្នុងការជិះកង់កម្សាន្តក្នុងស្រុក មិនថាជាលក្ខណៈគ្រួសារ ក្រុមការងារ ឬមិតភក្តិនោះទេ ស្របពេលដែលស្រុកមានកង់ ៧៥គ្រឿង សម្រាប់ផ្តល់ជូនភ្ញៀវទេសចរជិះកម្សាន្ត៕
អត្ថបទ៖ វង្ស សុធារម្យ