ព័ត៌មានជាតិ

សហគមន៍នេសាទកំពង់សាមគ្គី​ ខេត្តកំពត​ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងពេលឆាប់ៗខាងមុខ

image


កំពត៖ អ្នកជំនាញ និងប្រធានសហគមន៍​ បានឱ្យដឹងថា កន្លងមកភ្ញៀវទេសចរមិនសូវស្គាល់សហគមន៍នេសាទកំពង់សាមគ្គីនោះទេ ប៉ុន្តែមួយឆ្នាំចុងក្រោយ បន្ទាប់ពីមានការជួយជំរុញពីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងនានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គការដៃគូផងនោះ ភ្ញៀវទេសចរទូទាំងប្រទេសបានស្គាល់សហគមន៍មួយនេះ។ សហគមន៍នេះនឹងកាន់តែទាក់ទាញបន្ទាប់ពីសមិទ្ធផលនានាលេចចេញរូបរាងក្នុងពេលដ៏ខ្លីខាងមុខ។

លោក វន សំភាស់​ នាយកអង្គការ អេដ អេ អាកស្យុង ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរខេត្តកំពត អាជ្ញាធរស្រុកទឹកឈូ និងប្រជាសហគមន៍ អង្គការរបស់លោកបាននិងកំពុងយកចិត្តទុកដាក់លើកការងារអភិរក្ស (ទាំងដើមកោងកាង និងជីវៈចម្រុះ) និងការងារអភិវឌ្ឍសហគមន៍ទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ។ បច្ចុប្បន្នអង្គការរបស់លោកកំពុងផ្តោតទៅលើការងារវារីវប្បកម្ម (ចិញ្ចឹមត្រីឆ្ពង់ និងក្តាមសេះ) ដើម្បីឆ្លើយតបតម្រូវការទទួលទានរបស់ភ្ញៀវទេសចរ និងរក្សាចីរភាពនៃការអភិវឌ្ឍន៍ តាមរយៈការរៀបចំបង្កើតប្រាក់ចំណូលជូនដល់សហគមន៍បន្ថែម។

លោកនាយកអង្គការ​ បានបន្ថែមថា ក្នុងពេលដ៏ខ្លីខាងមុខ សហគមន៍នេសាទកំពង់សាមគ្គី​ នឹងបង្កើតឱ្យមានខ្ជុះអង្គុយលេង រួមនឹងបឹងហ្គាឡូធំ​ និងវែងជាងគេនៅមាត់សមុទ្រ សម្រាប់អង្គុយលំហែ និងបោះតង់ ដោយនៅក្នុងនោះរួមបញ្ចូលទាំងបណ្ណាល័យមាត់សមុទ្រដែលមានសៀវរាប់ពាន់ក្បាលផងដែរ។ លោករំពឹងថា ក្រោយពេលមានការរៀបចំកន្លែងផ្សេងៗរួចរាល់ សហគមន៍នេះនឹងកាន់តែមានភាពស្រស់ស្អាត ហើយអាចទទួលភ្ញៀវបានកាន់តែច្រើនជាងមុន។

ជាមួយគ្នានេះ​ លោក សុខ កៅ ប្រធានសហគមន៍នេសាទកំពង់សាមគ្គី បានឱ្យដឹងដែរថា ទោះបីជាសហគមន៍បានរៀបចំប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិក្រោយគេ ហើយមិនទាន់រួចរាល់ក៏ពិតមែន ប៉ុន្តែសហគមន៍ទទួលបានការគាំទ្រ និងមានការមកលេងកម្សាន្តពីភ្ញៀវទេសចរកាន់តែច្រើនឡើងៗ ព្រោះសហគមន៍មានទេសភាពស្អាត ខ្យល់អាកាសបរិសុទ្ធ និងសកម្មភាពកម្សាន្តជាច្រើន។

ក្រោមការយកចិត្តទុកដាក់ពី​ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពត លោកបានផ្តល់ជូននូវចំណតរថយន្តថ្មី និងផ្លូវបេតុងចូលមកកាន់សហគមន៍នេសាទកំពង់សាមគ្គីហើយលោកក៏ជឿថា សហគមន៍នេសាទកំពង់សាមគ្គី ដែលមានទីតាំងស្ថិតក្នុងស្រុកទឹកឈូនេះ នឹងក្លាយជាសហគមន៍ទេសចរណ៍ដ៏ទាក់ទាញមួយ ក្រោយពេលសមិទ្ធផលនានាស្ថាបនារួចរាល់៕



អត្ថបទ៖ វង្ស សុធារម្យ