សហរដ្ឋអាម៉េរិក នឹងអនុញ្ញាតឱ្យនិស្សិតចិនបន្តការសិក្សានៅលើទឹកដីរបស់ខ្លួន ជាថ្នូរទទួលបានរ៉ែកម្ររបស់ចិន
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រកាសថា កិច្ចព្រមព្រៀងរបស់សហរដ្ឋអាម៉េរិកជាមួយប្រទេសចិន បានបញ្ចប់រួចរាល់ហើយ ដោយរដ្ឋធានីប៉េកាំង នឹងផ្គត់ផ្គង់ប្រភេទដែកម៉ាញ៉េទិច (មេដែក) និងធនធានរ៉ែកម្រ ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងការផលិតផលិតផលបច្ចេកវិទ្យាទំនើបៗផ្សេងៗ។ ជាចម្លើយតបស្នងត្រឡប់ទៅវិញ សហរដ្ឋអាម៉េរិក នឹងអនុញ្ញាតឱ្យនិស្សិតចិន អាចបន្តការសិក្សានៅឯមហាវិទ្យាល័យ និងសកលវិទ្យាល័យនៅលើទឹកដីសហរដ្ឋអាម៉េរិក ។
តាមរយៈសេចក្ដីប្រកាសនៅលើប្រព័ន្ធបណ្ដាញសង្គម Truth Social កាលពីថ្ងៃពុធ លោកត្រាំ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក នឹងកំណត់ពន្ធសរុបលើទំនិញចិនចំនួន ៥៥% ហើយប្រទេសចិនកំណត់លើទំនិញរបស់អាម៉េរិកត្រឹម ១០% ប៉ុណ្ណោះ ហើយលោកក៏បានអះអាងដែរថា ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរនៅតែមានភាពល្អឥតខ្ចោះ ដោយមិនបានបញ្ជាក់លម្អិតបន្ថែមឡើយ ។
លោកត្រាំ រៀបរាប់បន្ថែមទៀតថា កិច្ចព្រមព្រៀងនេះ ទទួលបានការយល់ព្រមចុងក្រោយដោយរូបលោក និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ។
កាលពីថ្ងៃអង្គារ មន្ត្រីអាម៉េរិក និងចិន និយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាលើផែនការជាមូលដ្ឋាន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម ដោយនៅក្នុងផ្នែកមួយនៃផែនការនោះ រួមមាន ប្រទេសចិន ត្រូវដកការរឹតបន្តឹងលើការនាំចេញធនធានរ៉ែកម្រ ខណៈដំណោះស្រាយពាណិជ្ជកម្មរយៈពេលវែង ហាក់មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ។
គួររម្លឹកថា គោលនយោបាយពន្ធគយកាលពីមុនរបស់លោកត្រាំ បានបណ្ដាលឱ្យមានការរំខានយ៉ាងខ្លាំងចំពោះទីផ្សារពិភពលោក ដោយពន្យារសកម្មភាពនៅក្នុងកំពង់ផែធំៗ និងនាំឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនជាច្រើន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Reuters/ Others