ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា

image


អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក អាហ្ស៊ីហ្ស ណាស័រហ្សាដេហ៍ (Aziz Nasirzadeh) និយាយថា ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិកមិនទទួលបានជោគជ័យនោះទេ ហើយបើសិនអាម៉េរិកបង្កឱ្យមានជម្លោះយោធាណាមួយកើតឡើង នោះអ៊ីរ៉ង់ នឹងកំណត់គោលដៅវាយប្រហារលើមូលដ្ឋានយោធាអាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាជាក់ជាមិនខានឡើយ ។

អំឡុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍កាលពីថ្ងៃពុធ លោក ណាស័រហ្សាដេហ៍ (Nasirzadeh) បានធ្វើការព្រមានថា ប្រសិនបើមានជម្លោះណាមួយរបស់សហរដ្ឋអាម៉េរិកកំណត់លើប្រទេសអ៊ីរ៉ង់ នោះមូលដ្ឋានរបស់ទ័ពអាម៉េរិកនៅក្នុងប្រទេសក្បែរៗគ្នានេះនឹងទទួលរងនូវការវាយប្រហារដូចគ្នាដែរ ។

ការព្រមានខាងលើនេះ កើតឡើងនៅមុនដំណើរការនៃកិច្ចចរចានុយក្លេអ៊ែរជុំទី៥ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ខណៈកាលបរិច្ឆេទ ក៏មិនមានភាពច្បាស់លាស់នៅឡើយដែរ ដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និយាយថា កិច្ចពិភាក្សានឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥ ស្របពេលអ៊ីរ៉ង់ អះអាងថា កិច្ចពិភាក្សានេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា នៅប្រទេសអូម៉ង់ ។

ម្ដងហើយម្ដងទៀត ប្រធានាធិបតីអាម៉េរិក តែងតែធ្វើការគំរាមកំហែងទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ មិនយល់ព្រមចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ។

គេរំពឹងថា អ៊ីរ៉ង់ នឹងឆ្លើយតបចំពោះសំណើរបស់អាម៉េរិកដែលខ្លួនធ្លាប់បានបដិសេធ។ ការខ្វែងគំនិតគ្នាដ៏ខ្លាំងមួយនៅក្នុងកិច្ចពិភាក្សានាពេលកន្លងមកនេះ មានជាប់ពាក់ព័ន្ធនឹងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅលើទឹកដីអ៊ីរ៉ង់។ បណ្តាប្រទេសលោកខាងលិច បារម្ភថា រឿងនេះអាចនាំឱ្យអ៊ីរ៉ង់បង្កើនការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់ អះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ធ្វើឡើងសម្រាប់តែគោលបំណងសន្តិភាព និងស៊ីវិលប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Marcelo Garcia/AFP/ Jose Sena Goulao / EPA/ X/ Others