អាជ្ញាធររាជធានីភ្នំពេញ ត្រៀមរៀបចំសន្តិសុខ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ “ផ្លូវថ្មើរជើងចតុមុខ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
ភ្នំពេញ៖ បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឃនភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ជាអាជ្ញាធរខណ្ឌ កងកម្លាំង និងមន្ទីរពាក់ព័ន្ធ នាព្រឹកថ្ងៃទី១២ ខែមិថុនា បានឱ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្ននាប៉ុន្មានខែនេះបានទទួលការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ ទន្ទឹមនេះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបើកសម្ពោធជាផ្លូវការ ហើយត្រូវបានសម្តេចបវរធិបតីឯកភាព ដោយនឹងធ្វើពិធីសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។
លោក ឃួង ស្រេង បានបន្តថា ពិធីសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខ បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថាជោគជ័យ ១០០ភាគរយ ទាំងថ្នាក់ដឹកនាំកំពូលៗ និងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង។ បន្ថែមពីលើការងារសន្តិសុខនេះ ការជួសជុលផ្លូវ ការអ៊ុតគំនូសចរាចរ ការតុបតែង និងបំពាក់ភ្លើងបំភ្លឺ ត្រូវតែធ្វើឱ្យបានរួចរាល់នៅមុននៃការប្រារព្វពិធីនេះ។
ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ (Walk Street)នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ របស់មន្ទីរវប្បធម៌រាជធានីភ្នំពេញ ស្តង់លក់ដូរ ជាមួយនឹងការរៀបចំស្តង់ម្ហូបអាហារចំនួន២ទីតាំង គឺស្តង់ម្ហូបអាហាររបស់ស្ថានទូតប្រទេសឥណ្ឌា និងស្ថានទូតប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕