ព័ត៌មានជាតិ

ជិត ៤ឆ្នាំ គម្រោងបង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១ បាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទ

image


ភ្នំពេញ៖ អស់រយៈពេលជិតបួនឆ្នាំ ការអនុវត្តគម្រោង “បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេ
សាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១” ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប បានឈានដល់ទីបញ្ចប់ ដោយបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទ នៅជុំវិញតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ។

នៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៥នេះ អង្គការអុកស្វាម សហការជាមួយស្ថាប័ន អង្គការដៃគូ បានរៀបចំសិក្ខាសាលារួមគ្នា ស្តីពីការប្រែក្លាយសហគមន៍នេសាទនៅតំបន់បឹងទន្លេសាប តាមរយៈសេដ្ឋកិច្ចវិលជុំ ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ប្រមាណជិត ១០០នាក់ ដោយបង្ហាញពីលទ្ធផលរបស់គម្រោងដែលសម្រេចបាន តាមរយៈការរួមបញ្ចូលគ្នានូវការអភិវឌ្ឍប្រកបដោយចីរភាព ការការពារបរិស្ថាន និងនវានុវត្តន៍។

ឥទ្ធិពលគម្រោងនៅតំបន់ទន្លេសាបតាម រយៈការចូលរួមយ៉ាងសស្រាក់សស្រាំរបស់សហគមន៍ និងកិច្ចសហការអន្តរក្រសួង, គម្រោងនេះ បានបង្កើនលទ្ធភាពក្នុងការទទួលបានទឹកស្អាត អនាម័យ ការអប់រំ និងជម្រើសសម្រាប់ការចិញ្ចឹមជីវិតរបស់សហគមន៍ ក្នុងនោះ ពលរដ្ឋចំនួន ២.០០០នាក់ និងសិស្សចំនួន ៣.២០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់, រៀបចំឱ្យមានភាពប្រសើរឡើងនូវអនាម័យដល់សិស្សចំនួន ២០.០០០ នាក់, កែឆ្នៃប្លាស្ទិកទម្ងន់ ៤០០០គីឡូក្រាម បង្កើតប្រាក់ចំណូលសម្រាប់សហគមន៍នេសាទ,
សិស្ស ចំនួន ១០.០០០នាក់ ទទួលបានអត្ថប្រយោជន៍ពីអាហារូបករណ៍ និងសម្ភារសិក្សាក្នុងថ្នាក់។

ក្រៅពីនេះ គម្រោងនេះ ក៏បានជួយជំរុញការផលិតទឹកឃ្មុំ ទេសចរណ៍ធម្មជាតិ ថាមពលក្រៅបណ្តាញ និងការទទួលបានទីផ្សារសម្រាប់ក្រុមដែលដឹកនាំដោយស្ត្រីភាពជាដៃគូ និងការរីកចម្រើន។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានលើកឡើងថា តាម រយៈគម្រោង EU- CAPFISH/FOSTER Lot 1 បានមើលឃើញនូវភាពច្នៃប្រឌិត និងភាពធន់គួរឱ្យកត់សម្គាល់របស់សហគមន៍នេសាទក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។

លោកស្រី បានមានប្រសាសន៍ថា “ដោយមានការបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព គម្រូសេដ្ឋកិច្ចវិលជុំ និងការអប់រំប្រកបដោយបរិយាបន្ន យើងមិនត្រឹមតែពង្រឹងជីវភាពរស់នៅរបស់សហ គមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើក កម្ពស់និរន្តរភាពបរិស្ថានទៀតផង។ ខណៈពេលដែលយើងកំពុងសាទរនូវសមិទ្ធផលនេះ អង្គការអុកស្វាមក៏សូមអំពាវនាវដល់អង្គការដៃគូ អ្នកបង្កើតគោលនយោបាយ និងសហគមន៍ បន្តវិនិយោគលើរាល់ដំណោះស្រាយទាំង ឡាយណាដែលគាំទ្រសហគមន៍ និងការពារធនធានធម្មជាតិរួមរបស់យើងទាំងអស់គ្នា។”

លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍បន្ថែមថា “គម្រោងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈការពង្រឹងនូវសេវាកម្មដែលចាំបាច់ និងការបង្កើតឱ្យចរន្តសេដ្ឋកិច្ចនៅក្នុងសហគមន៍ គម្រោង CAPFISH/FOSTER ដែលគាំទ្រដោយសហភាពអឺរ៉ុប បានដាក់ចេញជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សហគមន៍នេសាទឲ្យមានភាពធន់ និងភាពជាម្ចាស់ការ។
គម្រោងនេះ ក៏បង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់សហភាពអឺរ៉ុបជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងតាមរយៈGlobal Gate wayក្នុងការគាំទ្រដល់ការប្រកបជីវិតដែល មានភាពធន់ និងការជួយគាំទ្រកម្ពុជាក្នុងដំណើរឆ្ពោះទៅកាន់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូច
(LDC)។”

ដោយឡែក លោក ស្រ៊ុន លឹមសុង អគ្គនាយករងនៃរដ្ឋបាលជលផល និងជានាយករងនៃកម្មវិធី EU-CAPFISH-Capture នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា "គម្រោង EU-CAP FISH/FOSTER គឺជាសក្ខីភាពដែលសម្រេចបានតាមរយៈភាពជាដៃគូដ៏រឹងមាំ និងចក្ខុវិស័យរួម។ រដ្ឋបាលជលផល មានមោទនភាពណាស់ក្នុងភាពជាដៃគូជាមួយសហភាពអឺរ៉ុប និងដៃគូរបស់យើងក្នុងការលើកកម្ពស់សហគមន៍ និងការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព។”

សូមបញ្ជាក់ថា កិច្ចសហការគម្រោង EU-CAP FISH/FOSTER Lot 1 បានអនុវត្តក្នុងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ចំនួន ១៣ រួមមាន អង្គការអេដអេអាកស្យុង ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា អង្គការជនពិការកម្ពុជា អង្គការសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ក្រុមហ៊ុន OKRA សូឡា អង្គការប្រតិបត្តិការកុមារកម្ពុជា PAVI LION អង្គការសន្សំម្លប់ព្រៃ អង្គការទឹកស្អាត ១០០១ វេទលែនវើក និងអង្គការសមាគមអភិរក្សសត្វព្រៃ៕

អត្ថបទ៖ វង សុភ័ក្ត្រ