ព័ត៌មានអន្តរជាតិ

ក្រុងហុងកុង បានពង្រីកខ្លួនធ្វើពាណិជ្ជកម្មជាមួយនឹងរដ្ឋស្ថិតនៅក្នុងតំបន់ឈូងសមុទ្រ

image


ហុងកុង៖ ការធ្វើពាណិជ្ជកម្មរបស់ទីក្រុងហុងកុង ជាមួយនឹងបណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូង និងក្រុមប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាភាគខាងកើតបានកើនឡើងដល់ទៅជាងដល់៣០% ខណៈដែលក្រុមវិនិយោគិនមកពីតំបន់ទំាងអស់នោះហាក់កំពុងតែកើនឡើងជាលំដាប់ក្នុងការរកស៊ីជាមួយនឹងទីក្រុងហុងកុង។
បើផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ សៅ ឆាយណា ម័រនិងប៉ុស្តិ៍(South China Morning Post) របស់ចិនបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងឬហៅកាត់ថា(HKTDC) បានលើកឡើងថាខ្លួនមានផែនការដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិមួយនៅឆ្នំាខាងមុខនេះ ដើម្បីលើកកម្ពស់ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមបណ្តារដ្ឋទំាងឡាយនៅក្នុងតំបន់ឈូងសមុទ្រ។
ស្ថាប័នក្រុមប្រឹក្សាពាណិជ្ជកម្មក្រុងហុងកុង ដដែលបានគូសបញ្ជាក់បន្ថែមទៀតថា គោលនយោបាយដែលមិនអាចទស្សន៍ទាយទុកមុនបានរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ត្រំា អាចជាលទ្ធផលបង្កឱ្យមានការផ្លាស់ប្តូរបន្តទៀតចំពោះគម្រោងនំាចេញនានារបស់ទីក្រុងហុងកុង។
កាលពីដើមឆ្នំា២០២៥ ក្រុមប្រឹក្សាពាណិជ្ជកម្មក្រុងហុងកុងបានឱ្យដឹងថា ទីក្រុងនេះមានកំណើនក្នុងការនំាចេញនូវទំនិញទៅកាន់សហរដ្ឋអាម៉េរិកប្រមាណជា ៤% ប៉ុន្តែពេលនេះមានត្រឹមតែ៣%។
ប្រមុខដឹកនំារបស់ស្ថាប័នក្រុមប្រឹក្សាសេដ្ឋកិច្ចក្រុងហុងកុង ដដែលបានលើកឡើងបន្ថែមទៀតថា ក្រុមប្រទេសនៅក្នុងតំបន់អាហ្វ្រិកមួយចំនួនត្រូវគេចាត់ទុកថា ជាក្រុមប្រទេសដែលមានពលរដ្ឋរស់នៅច្រើន ដែលមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចក៏មានទំហំដែរ។
នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយនឹងគេហទំព័រសៅឆាយណា ម័រនិងប៉ុស្ត៍នោះ ប្រមុខដឹកនំាក្រុមប្រឹក្សាសេដ្ឋកិច្ចក្រុងហុងកុង បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ថា ទីក្រុងហុងកុងបានទទួលផលប្រយោជន៍ចេញពីការខ្វែងយោបល់គ្នារវាងចិន និងសហរដ្ឋអាម៉េរិក ប៉ុន្តែប្រមុខក្រុមប្រឹក្សាសេដ្ឋកិច្ចដដែលបានគូសបញ្ជាក់យ៉ាងសង្ខេបបន្ថែមទៀតថា ចំពោះទិដ្ឋភាពដទៃទៀតចេញពីកត្តាសេដ្ឋកិច្ចហាក់ដូចជាកាន់តែដុនដាបទៅៗ។
ទោះបីជាបែបនេះក្តី ក៏ប្រមុខដឹកនំាក្រុមប្រឹក្សាពាណិជ្ជកម្មក្រុងហុងកុង បន្តបង្ហាញសុទិដ្ឋិនិយមថា លោកសង្ឃឹមថា នាពេលខាងមុខវាអាចនឹងមានភាពល្អប្រសើរឡើងវិញ៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ South China Morning Post