ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ មានតែចោរទេដែលខ្លាចតុលាការ បើយើងមានភាពបរិសុទ្ធ មិនត្រូវខ្លាចតុលាការទេ

image


ភ្នំពេញ៖ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា ការដែលកម្ពុជា សម្រេចនាំយកបញ្ហានៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសារកម្ពុជាចង់ដោះស្រាយដោយសន្តិវិធី។ ត្រង់ចំណុចនេះ សម្តេចបានបញ្ជាក់ថា មានតែចោរទេដែលខ្លាចតុលាការ បើយើងមានភាពបរិសុទ្ធ មិនត្រូវខ្លាចតុលាការទេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូចនេះ​ ក្នុងសារពិសេស​ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

សម្តេចតេជោ​ ហ៊ុន សែន បានបន្ថែមថា មានឧទាហរណ៍ជាក់ស្តែង នៅក្របខណ្ឌអាស៊ាន, សិង្ហបុរី និងម៉ាឡេស៊ី ដឹកដៃគ្នាទៅតុលាការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី។ សម្តេចតេជោ បានអំពាវនាវដល់បណ្តាប្រទេស ដែលមិនចង់ឱ្យមានសង្គ្រាម ហើយចង់ឱ្យដំណោះស្រាយដោយសន្តិវិធី គាំទ្រដល់កម្ពុជា ក្នុងការយកបញ្ហាតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខា បញ្ចូនលិខិតបណ្តឹងទៅដោះស្រាយ នៅតុលាការយុត្តិធម៌អន្តរជាតិ។ សម្តេចតេជោ មានប្រសាសន៍ថា មូលហេតុដែលយកតំបន់ទាំង៤នោះ ទៅដោះស្រាយនៅ ICJ ដោយសារភាគីទាំងពីរ កម្ពុជា-ថៃ មិនអាចចុះសម្រុងគ្នាបាននោះទេ ដូច្នេះជម្រើសកម្ពុជា មានតែជ្រើសរើសដោះស្រាយដោយច្បាប់ និងសន្តិភាព។ ការបញ្ជូនទៅកាន់តុលាការអន្តរជាតិ មិនមែនជាការបង្ករសង្គ្រាម ឬបង្កើតសង្គ្រាមនោះទេ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា "ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ខាងយោធាថៃ បានបង្ហាញថា គេចង់វៃគ្នា ជាជាងទៅរកការដោះស្រាយដោយសន្តិភាព តាមរយៈតុលាការ ដោយគេលើកឡើងថា បើចង់បានដីកន្លែងហ្នឹង ត្រូវវៃគ្នា។ កម្ពុជា មិនមានខ្វះអាវុធ និងកម្លាំងដើម្បីវៃគ្នាទេ តែកម្ពុជា មិនចង់វៃគ្នាទេ កម្ពុជាបញ្ជាក់ពីឆន្ទៈរបស់ខ្លួន កម្ពុជា មានកម្លាំងទប់ទល់នឹងយថាហេតុទាំងអស់ ប៉ុន្តែខ្លួនមិនចង់វៃអ្នកណាទាំងអស់ តែត្រឹមតែការពារទឹកដីរបស់ខ្លួនទេ"។

សម្តេចតេជោ បានព្យាករណ៍ថា តំបន់ទាំង៤ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលមានព្រំដែនប្រមាណ៨គីឡូម៉ែត្រនោះ គឺមិនអាចដោះស្រាយដោយទ្វេរភាគីបាននោះទេ ទោះជា១០០ឆ្នាំទៅ២០០ឆ្នាំទៀតក៏ដោយ​ ហើយងាយនឹងឈានទៅរកការផ្ទុះសង្គ្រាម រវាងជាតិសាសន៍ទាំងពីរ ដូច្នេះហើយបានជាកម្ពុជា ជ្រើសរើសយកដំណោះស្រាយសន្តិភាព តាមរយៈការចរចា និងអនុវត្តច្បាប់ ហើយសម្តេចសង្ឃឹមថា ប្រទេសនៅលើពិភពលោក ដែលអនុវត្តនយោបាយតាមការគោរពច្បាប់ ដោយមិនប្រើកម្លាំង ឬគំរាមប្រើប្រាស់កម្លាំង គាំទ្រចំពោះកម្ពុជា ក្នុងការដោះស្រាយដោយសន្តិវិធី និងសន្តិភាព៕

អត្ថបទ​៖​ សន​ ពិសិដ្ឋ