រដ្ឋមន្ត្រីក្រសួងទេចរណ៍៖ ម្ចាស់សេវាកម្មបម្រើវិស័យទេសចរណ៍ ត្រូវចូលរួមអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេចរណ៍ លើកឡើងថា ម្ចាស់សេវាកម្មដែលបម្រើដល់វិស័យ ទេសចរណ៍ ដូចជា ម្ចាស់សណ្ឋាគារ, ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ជាពិសេសបន្ទប់ទឹក គឺត្រូវរៀបចំឱ្យបានស្អាតប្រកបដោយគុណភាពអនាម័យខ្ពស់ជាប់ជានិច្ច។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមក្នុងវិស័យទេសចរណ៍ ផ្តោតសំខាន់លើប្រធានបទសំខាន់ៗ ចំនួន៣ រួមមាន ទី១. កម្មសិទ្ធិបញ្ញាក្នុងវិស័យទេសចរណ៍, ទី២. ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្នុងវិស័យទេសចរណ៍, និងទី៣. ការពង្រឹងគុណភាពសេវាកម្មទេសចរ ណ៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ថ្នាក់ដឹកនាំក្រសួងទេសចរណ៍សរុបចំនួន ៣១២នាក់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា ករណីផលិតផលក្លែងក្លាយមួយចំនួនបាន និងកំពុងបន្តកើតមានក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ ដោយម៉្យាងបានប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។ ដោយឡែក ម៉្យាងទៀតបានធ្វើឱ្យបាត់ជំនឿទុកចិត្តលើវិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជាថែមទៀតផងដែរ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដល់សណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារ រួមមាន សុវត្ថិភាព, គុណភាព និងអនាម័យ ជាពិសេសគុណភាពបន្ទប់ទឹកនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មប្រកបសេវាកម្មផ្សេងៗ ត្រូវយកចិត្តទុកដាក់ខ្ពស់ បើទោះបីជាមានបន្ទប់ទឹកហើយ គឺបន្ទប់ទឹកនោះភ្ញៀវអាចចូលបាន ហើយបើគ្មានបន្ទប់ទឹក គឺត្រូវរៀបចំឱ្យបានស្អាតប្រកបដោយគុណភាពអនាម័យខ្ពស់ជានិច្ច។
លោករដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍បន្ថែមចំពោះការលើកតម្កើងផលិតផលខ្មែរ ដោយត្រូវរួបរួមគ្នាលើកកម្ពស់ការប្រើប្រាស់ និងគាំទ្រកសិករនិងអ្នកផលិតក្នុងស្រុកដែលផ្តោតលើគុណភាពផលិតផល ដើម្បីប្រកួតប្រជែងជាមួយផលិតផលអន្តរជាតិ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការអភិរក្សវប្បធម៌ និងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាផងដែរ។
បន្ថែមលើនេះ, លោករដ្ឋមន្ត្រី ហួត ហាក់ ជំរុញការលើកតម្កើងផលិតផលខ្មែរ និងគាំទ្រកសិករនិងអ្នកផលិតក្នុងស្រុកឱ្យផ្តោតលើគុណភាព ជាពិសេសលើកទឹកចិត្តភ្ញៀវទេសចរឱ្យទិញវត្ថុអនុស្សាវរីយ៍ដែលធ្វើដោយដៃ និងផលិតនៅកម្ពុជា៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ កែវ សារិទ្ធ