កម្ពុជា ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ៣,២ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ២០២៥ ដែលនាំមុខដោយប្រភពទុនពីប្រទេសចិន
ភ្នំពេញ៖ កម្ពុជា បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៣,២២ពាន់លានដុល្លារ ក្នុងអំឡុងពេល ៥ខែដំបូងនៃឆ្នាំ ២០២៥ ដែលគ្របដណ្តប់លើសលុបដោយការវិនិយោគពីប្រទេសចិន។ នេះបើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ការវិនិយោគរបស់ចិនតែម្នាក់ឯងមានចំនួន ២,៦១ពាន់លានដុល្លារ ដែលតំណាងឱ្យជាង ៨០ ភាគរយនៃលំហូរ FDI សរុប។ នេះបន្តពង្រឹងជំហររបស់ប្រទេសចិនជាដៃគូវិនិយោគឈានមុខគេរបស់កម្ពុជា ជាពិសេសក្នុងវិស័យដូចជា ការផលិត ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ។
តាមពីក្រោយចិន គឺប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ជាអ្នកវិនិយោគធំទីពីរដែលមានទឹកប្រាក់ចំនួន ៤០៤,៤លានដុល្លារ បន្ទាប់មកគឺកោះ British Virgin ដែលមានទឹកប្រាក់ ៦០,៥លានដុល្លារ។ ក្រៅពីនេះប្រភពវិនិយោគរួមចំណែកគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមាន៖ វៀតណាម (៤១,៥លានដុល្លារ) ចក្រភពអង់គ្លេស (២៨លានដុល្លារ) កោះ Cayman (២៤,៧លានដុល្លារ ) កោះ Samoa (១៩,៧លានដុល្លារ) និងកូរ៉េខាងត្បូង (៨,៨លានដុល្លារ) ជាដើម។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលមានចំណងជើងថា «ការពង្រឹងចំណូលសម្រាប់អនាគតកម្ពុជា» របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥ បាននិយាយថា ដើម្បីរក្សាបានកំណើនក្នុងបរិបទមានការកើនឡើងនៃភាពមិនប្រាកដប្រជាជាសកល កម្ពុជាចាំបាច់ត្រូវផ្តោតលើការប្រឹងប្រែង ធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប និងការបង្កើតបរិយាកាសអំណោយផល សម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។
បើតាមលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា៖ «ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់ សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសដោយពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត»។
លោកស្រីបានបន្ថែមថា៖ «កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រដល់ការធ្វើឱ្យបរិយាកាសអាជីវកម្ម មានភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងទៀតថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគ មានចំនួន ២៩០គម្រោង កើនឡើង ៩០% ខណៈទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ កើនឡើង ៥២% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕