ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ កូនចៅជំនាន់ក្រោយ បន្តថែរក្សាសន្តិភាព និងការពារសមិទ្ធផល ដែលថ្នាក់ដឹកនាំជំនាន់មុន បានកសាងបានដោយលំបាកលំបិនបំផុត

image


ភ្នំពេញ៖ លោកហ៊ុន ម៉ានី កូនប្រុសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភា បានសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ថា “ថ្ងៃនេះ កាលពី៤៨ឆ្នាំមុន ពុកបានចាកចេញពីទឹកដីកំណើត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពីភរិយាដែលកំពុងពរពោះ ដើម្បីទៅស្វែងរកការរំដោះជាតិមាតុភូមិ។ ទោះបីឆ្លងកាត់នូវសោកនាដកម្ម និងអំពើឃោឃៅជាច្រើន តែពុកបានទុកភាពទុក្ខសោកនៅមួយឡែក ហើយផ្តោតអារម្មណ៍លើការប្រមូលផ្តុំការតស៊ូ ដើម្បីបុព្វហេតុតែមួយគត់ គឺជាតិ និងប្រជាជន។

កិច្ចខិតខំប្រឹងប្រែងរបស់ពុកត្រូវបានតបស្នងមកវិញ តាមរយៈការប្រកៀកស្មារប្រយុទ្ធជាមួយបណ្តាយុទ្ធមិត្តជាច្រើនរូបទៀត ហើយប្រែក្លាយសមរភូមិ ទៅជាជ័យជម្នះដ៏ត្រចះត្រចង់លើរបបយង់ឃ្នង់ នាថ្ងៃ៧ មករា ១៩៧៩។ មាតុភូមិដ៏កំសត់របស់យើង បានប្រែមុខមាត់សាថ្មី ពីប្រទេសដែលញាំញីដោយសង្រ្គាម ប្រែក្លាយជាកោះសន្តិភាព មានមុខមានមាត់ មានការទទួលស្គាល់រាប់អានពីគ្រប់ទិសទីក្នុងសហគមន៍អន្តរជាតិ។ គឺថ្នាក់ដឹកនាំជំនាន់មុន ដែលជាអ្នករួចពីស្លាប់នោះហើយ ដែលបានផ្តល់ជីវិតថ្មីដល់ប្រជាជនកម្ពុជារាប់លាននាក់។”

លោក ហ៊ុន ម៉ានី បានសរសេរបញ្ជាក់បន្ថែមថា "ក្រឡេកមកមើល ៤៨ឆ្នាំក្រោយ ការសម្រេចចិត្តដ៏លំបាកកាលគ្រានោះ មិនបានបាត់ទៅជាអាសាបង់សោះឡើយ។ ពេលនេះ ក្តីស្រមៃ និងក្តីសង្ឃឹមដែលពុក និងអតីតថ្នាក់ដឹកនាំជំនាន់បានដាក់ជីវិតធ្វើជាដើមទុនដើម្បីសម្រេចបានពេលនេះ បានផ្តល់ផលផ្លែផ្ការគួរជាទីមោទនៈបំផុត។ យើងទាំងអស់គ្នាជាកូនចៅជំនាន់ក្រោយសូមគោរព និងប្រណិប័តន៍តាមលំអាននៃគំរូវីរភាពដ៏មិហមានេះឱ្យបាន នោះគឺការការពារសន្តិភាព និងការពារសមិទ្ធផលដែលថ្នាក់ដឹកនាំជំនាន់មុនបាន កសាងបានដោយលំបាកលំបិនបំផុត"។

អត្ថបទ៖ វង សុភ័ក្ត្រ