ជប៉ុន អំពាវនាវឱ្យដោះស្រាយគ្នាដោយការទូតឡើងវិញ ក្រោយសហរដ្ឋអាម៉េរិកវាយប្រហារអ៊ីរ៉ង់
ជប៉ុន៖ នៅថ្ងៃចន្ទនេះ ប្រទេសជប៉ុន បានអំពាវនាវឱ្យមានការកាត់បន្ថយនូវភាពតានតឹងនៅក្នុងប្រទេសអ៊ីរ៉ង់ និងស្នើឱ្យមានការវិលត្រឡប់ទៅរកការចរចាការទូតឡើងវិញ។ ជប៉ុន និយាយថា សកម្មភាពរបស់សហរដ្ឋអាម៉េរិក បានបង្ហាញពីទង្វើដ៏ធ្ងន់ធ្ងររបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះការបញ្ឈប់អ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ។
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយ រដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ជប៉ុនសង្ឃឹមយ៉ាងមុតមាំថា នឹងមានការសន្ទនាផ្នែកការទូតឡើងវិញ ដើម្បីចាប់ផ្តើមសារជាថ្មី ដើម្បីជាការជួយសម្របសម្រួលដោះស្រាយវិបត្តិដោយសន្តិវិធី ។
លោក Hayashi បានបន្ថែមទៀតថា វាជារឿងដ៏អកុសល ដែលស្ថានភាពរវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ កាន់តែអាក្រក់ទៅៗ ដោយប្រែក្លាយជាគំនុំសងសឹងគ្នាបែបនេះ។ លោកក៏បានកត់សម្គាល់ដែរថា ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគំរាមកំហែងរបស់អ៊ីរ៉ង់ ពាក់ព័ន្ធនឹងការកំណត់គោលដៅវាយប្រហារលើផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក ។
គួររម្លឹកថា អ៊ីរ៉ង់ បានធ្វើការគំរាមកំហែងបែបនេះ កាលពីថ្ងៃអាទិត្យ នៅមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិក បានចូលរួមសកម្មភាពយោធាដ៏ធំបំផុតជាមួយអ៊ីស្រាអ៊ែល ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍ឥស្លាមនៅឆ្នាំ ១៩៧៩។ ការវាយប្រហារនេះ បានកើតឡើងជាបន្តបន្ទាប់ ទោះបីជាសហគមន៍អន្តរជាតិ ព្យាយាមអំពាវនាវឱ្យជៀសវាងជម្លោះបន្ថែមទៀត និងត្រលប់ទៅការចរចាដោយសន្តិវិធីក៏ដោយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect