ព័ត៌មានជាតិ

ការច្បំាងគ្នានៅតែបន្តរវាងអ៊ីស្រាអ៊ែល-អ៊ីរ៉ង់ បើទោះបីជាការអះអាងរបស់លោកដូណាល់ត្រំាថាមានបទឈប់បាញ់គ្នាក៏ដោយ

image


តំបន់មជ្ឈិមបូព៌ា៖ ទោះបីជាមានការអះអាងរបស់លោកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងថា មានបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអ៊ែល ហើយនិងប្រទេសអ៊ីរ៉ង់ក្តី ក៏ប៉ុន្តែនៅព្រឹកថ្ងៃអង្គារ ម៉ោងនៅប្រទេសកម្ពុជានេះ ខាងភាគីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាជី (Abbas Araqchi) បានលើកឡើងឆ្លើយតបទៅនឹងការអះអាងរបស់ប្រធានាធិបតីអាម៉េរិកវិញថា មិនមានកិច្ចព្រមព្រៀងផ្លូវការណាមួយលើបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអ៊ែលនោះទេ ។
គួររំលឹកដែរថា នៅថ្ងៃដដែលនេះ លោកដូណាល់ត្រាំ បានបង្ហោះសំណេរនៅលើបណ្ដាញសង្គម ទ្រូសសូសល (Truth Social)ផ្ទាល់ខ្លួនរបស់លោក ដែលមានន័យថា អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបទឈប់ច្បំាងគ្នាមួយ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល១២ថ្ងៃ ហើយនៅក្នុងកិច្ចព្រមព្រៀងនោះ អាចនឹងមានដំណើរការជាពីរផ្នែក (ដំណាក់កាល) គឺរយៈថេរវេលា ១២ម៉ោងដំបូង អ៊ីរ៉ង់នឹងបញ្ឈប់សកម្មភាពយោធារបស់ខ្លួន ស្របពេលអ៊ីស្រាអ៊ែល បន្តរក្សាភាពស្ងៀមស្ងាត់ និងមិនឆ្លើយតប។ លុះរយៈពេល ១២ម៉ោងបន្ទាប់មកទៀត ខាងភាគីអ៊ីស្រាអ៊ែលវិញ ក៏អាចនឹងចាប់ផ្ដើមប្រតិបត្តិបទឈប់បាញ់គ្នាដូចគ្នាដែរ ខណៈអ៊ីរ៉ង់ ត្រូវរក្សាភាពស្ងៀមស្ងាត់ដូចគ្នា។
ហើយការណ៍នេះ ក៏មានន័យថា សរុបរយៈពេលស្ងៀមស្ងាត់ ២៤ ម៉ោង ក្នុងន័យសំដៅទៅលើសង្គ្រាមអាចនឹងត្រូវបញ្ចប់ជាផ្លូវការតែម្តង ។ ការប្រកាសរបស់លោកដូណល់ត្រំា ក្រៅពីភាគីទំាងពីរនេះ ហាក់ដូចជារូបលោកជាសន្ធានការី ខណៈដែលខ្លួនទើបតែសំពងទៅលើរោងចក្រផលិតគ្រាប់បែកបរមាណូ៣ទីតំាងរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីជួយដល់ភាគីអ៊ីស្រាអ៊ែលជាកូនជឹង (អាយ៉ង) របស់ខ្លួននោះ។
ស្ថិតនៅក្នុងបរិការណ៍នេះដែរ តម្លៃប្រេងឥន្ធនៈបានចុះតម្លៃមកវិញបានខ្លះ ដោយសារតែការលើកឡើងរបស់លោកប្រធានាធិបតីដូណាល់ត្រំា។ ពាក់ពន្ធ័នឹងរឿងប្រកាសបទឈប់ច្បំាងគ្នាដែរ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបង្ហោះសំណេរនៅលើបណ្ដាញសង្គម X ថា «ប្រសិនបើអ៊ីស្រាអ៊ែលបញ្ឈប់ការឈ្លានពានដោយខុសច្បាប់ ប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ មិនលើសពីម៉ោង ៤ព្រឹកថ្ងៃអង្គារ (ប្រហែលម៉ោង ៨៖៣០ព្រឹកនៅកម្ពុជា) នោះអ៊ីរ៉ង់ គ្មានចេតនាណាមួយក្នុងការបន្តឆ្លើយតបនៅពេលក្រោយទៀតនោះទេ» ។
ដោយឡែកបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីភាគីអ៊ីរ៉ង់ឯណោះវិញ បានឱ្យដឹងថា មិនមានការព្រមព្រៀងបទឈប់បាញ់គ្នាជាផ្លូវការណាមួយដូចដែលបានប្រកាសដោយសហរដ្ឋអាម៉េរិកនោះឡើយ ប៉ុន្តែអ៊ីរ៉ង់ សុខចិត្តបញ្ឈប់សកម្មភាពយោធាជាបន្តទៀត ប្រសិនបើអ៊ីស្រាអ៊ែល បញ្ឈប់ការវាយប្រហារមកលើភាគីអ៊ីរ៉ង់ជាមុនសិន បើមិនអញ្ចឹងទេ ដូចជាដំរីចេះតែដើរ រីឯឆ្កែនៅតែបន្តព្រុសដូច្នោះឯង៕

សហប្រែសម្រួល៖ ឡេង លាងហេង, ប្រាក់ សម្ជស្ស
ប្រភព៖ Reuters Connect/CNA/Others