ព័ត៌មានជាតិ

ក្រមហ៊ុន DBD ENGINEERING PLC ប្រកាសឧបត្ថម្ភ ៣០០០ដុល្លារ ដល់មូលនិធិ CTN ទ្រទ្រង់កងទ័ពការពារជាតិនៃក្រុមហ៊ុន CBS តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន

image


ភ្នំពេញ៖ ក្រមហ៊ុន DBD ENGINEERING PLC ប្រកាសឧបត្ថម្ភ ៣០០០ដុល្លារ ដល់មូលនិធិ CTN ទ្រទ្រង់កងទ័ពការពារជាតិនៃក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង តបតាមការអំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន។

ការប្រកាសនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនានេះ អំឡុងពេលនៃការផ្សាយផ្ទាល់ពិសេសមូលនិធិស៊ីធីអិន ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ លើកញ្ចក់ទូរទស្សន៍ CTN MyTV និងCBS digital។

គួររំលឹកថា តបតាមការអំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, មូលនិធិ CTN ទ្រទ្រង់កងទ័ពការពារជាតិនៃក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង សហការជាមួយសមាគមសិល្បករខ្មែរ, ក្រុមហ៊ុន សែលខាត, និងធនាគារ វីង បានប្រកាសចាប់ផ្តើមកៀរគរថវិកាជួយដល់កងទ័ពដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ការបង្កើតមូលនិធិទ្រទ្រង់កងទ័ពការពារជាតិនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព តាមរយៈប្រព័ន្ធធនាគារវីង ហើយថវិកាដែលប្រមូលបាន នឹងយកទៅជួយទ្រទ្រង់ដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ ជាងនេះទៅទៀត នៅអំឡុងនៃការធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានសមាជ ក៏បានអំពាវនាវដល់ស្ថានីយទូរទស្សន៍ និងវិទ្យុ បង្កើតជាមូលនិធិទ្រទ្រង់កងទ័ពការពារជាតិ ដូចកាលឆ្នាំ២០០៨ ២០០៩ ២០១០ និង២០១១។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្រកាសចូលរួមថវិកា ៣០០លានរៀលដំណាក់កាល ដំបូង ជាមួយមូលនិធិទូរទស្សន៍ CTN ដើម្បីជួយទ្រទ្រង់កងទ័ពកំពុងឈរជើង ការពារទឹកដី។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមភ្ជាប់និស្ស័យជាមួយ កងទ័ព និង ជាមួយជាតិ និងទឹកដីទាំងអស់គ្នា តាមរយៈមូលនិធិទូរទស្សន៍ CTN។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០០៨ ក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង បានបង្កើតមូលនិធិ CTN ដើម្បីប្រមូលថវិកាជួយដល់កងទ័ពដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេស គឺជួយទ្រទ្រង់ទៅដល់តំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី៕