ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខជាតិ និងថ្នាក់ដឹកនាំ

image

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា”។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធី ប្រគល់សញ្ញាបត្រជាន់ខ្ពស់, បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល, បរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។


សម្តេចបវរធិបតីបានបន្តថា”ទោះបីជាស្ថិតនៅក្នុងដំណាក់កាលដែលសភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងក្នុងដំណាក់កាលដែលមានជម្លោះព្រំដែនជាមួយប្រទេសថៃ, កងកម្លាំងនគរបាលការពារព្រំដែនបានចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស”។

សម្ដេចបវរធិបតី នាយករដ្ឋន្ត្រី ក៏បានកោតសរសើរ និងការដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនៅគ្រប់ជំនាន់ទាំងអស់ ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព, ភាពសុខសាន្ត និងសុខុមាលភាព ជូនសង្គមជាតិទាំងមូល។ នាពេលកន្លងមក, កងកម្លាំងនគរបាលជាតិរបស់យើង បានសម្រេចស្នាដៃជាច្រើន ក្នុងការរក្សាសន្តិសុខ ផ្ទៃក្នុង, ការបង្ការ, ការទប់ស្កាត់, ការបញ្ចៀសឱ្យបាននូវអំពើភេរវកម្ម និងការបង្រ្កាបបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ, សកម្មភាពវិច្ឆេទកម្ម, វិទ្ធង្សនា, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), បទល្មើសគ្រឿងញៀន, ការជួញដូរមនុស្សគ្រប់ទម្រង់, ល្បែងស៊ីសងខុសច្បាប់, សកម្មភាពក្មេងទំនើង, ការដាក់ ចេញវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត”។

ក្នុងពិធីនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងតែមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងកំពុងស្ថិតនៅលើរបត់ នៃការកែទម្រង់ដ៏ត្រឹមត្រូវ ប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដែលគួរឱ្យកោតសរសើរ និងលើកទឹកចិត្ត៕

អត្ថបទ៖ ហ៊ន សុភ័ក្រ