សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងរង់ចាំនាយករដ្ឋមន្ដ្រីថ្មីរបស់ថៃដើម្បីមកដោះស្រាយ ខណ:ពេលនេះកម្ពុជាមិនដឹងថាត្រូវចចារជាមួយអ្នកណា ព្រោះមិនដឹងថានណារជាអ្នកមានអំណាចពិតប្រាកដ
ព្រះវិហារ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា”យើងសង្ឃឹមរង់ចាំថានៅថៃនឹងមាននាយករដ្ឋមន្ដ្រីថ្មី ហើយចេញមកដើម្បីដោះស្រាយជាមួយកម្ពុជា ព្រោះពេលនេះយើងមិនដឹងថាចចារជាមួយអ្នកណា អំណាចពិតប្រាកដជានណា តើជាកងទ័ព ជាបក្សនយោបាយ ឬជាអ្នកនៅក្រោយបក្សនយោបាយ ឬក៏នាយករដ្ឋមន្ដ្រី នេះជារឿងលំបាកណាស់”។
នេះជាការថ្លែងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ឱកាសអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាជនដែលត្រូវបានជម្លៀសមកមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នារសៀលថ្ងៃទី២៦ មិថុនា ២០២៥ នេះ នៅខេត្ដព្រះវិហារ។
សម្ដេចតេជោ បានបន្ដថា កម្ពុជាអាចយល់បានថាលុះត្រាតែមាននាយករដ្ឋមន្ដ្រីថ្មីចូលមកកាន់តំណែងដែលមានឆន្ទ:ដោះស្រាយជាមួយកម្ពុជា។ កម្ពុជាមិនបានមើលទៅថៃទាំងអស់ជាសត្រូវនោះទេ តែមានក្រុមជ្រុលនិយមមួយចំនួនប៉ុណ្ណោះ ដែលខ្លះជាកងទ័ព និងខ្លះជាអ្នកនយោបាយ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា “មិនថាអាវក្រហម ថាអាវលឿង មិនថាអាវចម្រុះពណ៌នោះទេ កម្ពុជាធ្វើការជាមួយគ្រប់តួអង្គទាំងអស់ដែលចូលមកគ្រប់គ្រងប្រទេសថៃ ហើយកម្ពុជាក៏មិនដែលគាំទ្របក្សមួយណាក្នុងប្រទេសថៃដែរ” ៕
អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ប៉ក់ សុឃីម