សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា មិនត្រូវការធ្វើកំណែនទ័ពនោះទេ ដោយសារចំនួនទាហានបច្ចុប្បន្ន មានលើសពីការគ្រប់គ្រាន់
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា កម្ពុជា មិនត្រូវការធ្វើកំណែនទ័ពនោះទេ ដោយសារតែបច្ចុប្បន្ន ចំនួនកងទ័ពមានលើសពីការគ្រប់គ្រាន់រួចរាល់ហើយ រហូតធ្លាប់មានបំណងកាត់បន្ថយចំនួនកងទ័ពថែមទៀតផង ដោយសារទំហំកងទ័ព មានទំហំធំ បើប្រៀបធៀបជាមួយនឹងចំនួនប្រជាជន ប្រមាណ១៧លាននាក់។
សម្តេចថា កម្ពុជា មានបំណងកាត់បន្ថយកងទ័ព ដើម្បីបង្វែរថវិកាពីវិស័យការពារជាតិ មកប្រើប្រាស់ក្នុងវិស័យអប់រំ សង្គមកិច្ច និងវិស័យសុខាភិបាលជាដើម។ ប៉ុន្តែឥឡូវនេះ នឹងមិនមានការកាត់បន្ថយទេ ព្រោះត្រូវការកម្លាំងទ័ព ដើម្បីទប់ទល់នឹងសភាពការណ៍វិវាទព្រំដែនជាមួយថៃនេះ។
ប្រសាសន៍របស់សម្តេចតេជោ បានលើកឡើងដូច្នេះ ក្នុងក្រុមតេឡេក្រាមឈ្មោះ "ក្រុមអ្នកគាំទ្រកងកម្លាំងប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ" ក្រោយពីមានការសាកសួរ ពីសំណាក់សាធារណជន ដែលជាសមាជិកក្នុងក្រុម ស្តីពីការរៀបចំទាហានកាតាព្វកិច្ច ឬទាហានបម្រុង។
សម្តេចតេជោ មានប្រសាសន៍ថា ចំនួនការរៀបចំទាហានកាតាព្វកិច្ច ឬទាហានបម្រុងនេះ រាជរដ្ឋាភិបាល មិនបានធ្វើនោះទេ, ប៉ុន្តែរៀបចំឱ្យមានតែទាហានអាជីពប៉ុណ្ណោះ។
ឆ្លើយតបនឹងសំណួរថា "ប្រសិនបើប្រយុទ្ធគ្នាទៅ កម្ពុជា បាត់បង់ចំនួនទ័ព តើមានកម្លាំងទ័ពឯណាជួស?" សម្តេចតេជោ បានលើកឡើងថា នឹងមិនមានហេតុការណ៍នោះកើតឡើងទេ ព្រោះកម្លាំងរបស់កម្ពុជា បានរៀបចំឡើងជាច្រើនប្រព័ន្ធ ដោយមានប្រព័ន្ធជួរមុខ កណ្តាល និងប្រព័ន្ធខាងក្រោយ ដែលមិនគិតពីកម្លាំងបម្រុង គឺកម្លាំងខាងមុខទប់ទល់ កម្លាំងខ្សែត្រៀមទី២ និងទី៣ វាយលុកតែម្តង។
សម្តេចប្រធានព្រឹទ្ធសភា សំណូមពរឱ្យប្រជាពលរដ្ឋ ជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការបញ្ជាកម្លាំងកងទ័ពកម្ពុជា រាប់ទាំងកម្លាំងថ្មើរជើង និងកម្លាំងគាំទ្រ។
សម្តេចតេជោ មានប្រសាសន៍ដែរថា កម្ពុជា មិនចាំបាច់ក្នុងការយកយន្តហោះចម្បាំង ទៅច្បាំងគ្នានោះទេ។ ប៉ុន្តែកម្ពុជា មានអាវុធ ដែលអាចបាញ់បានចម្ងាយ៦០គីឡូម៉ែត្រ និងអាចបាញ់ទៅលើត្រង់បាន១៨គីឡូម៉ែត្រ ហើយក្នុងករណីមានការវាយប្រហារផ្លូវអាកាសមកលើកម្ពុជា, កម្ពុជា នឹងប្រើប្រាស់សំណាញ់មេឃ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យសប្បុរសជន បន្តផ្តល់ជំនួយដល់កងកម្លាំងប្រដាប់អាវុធ នៅតាមព្រំដែន ដើម្បីបង្កើតខឿនការពារជាតិ និងប្រជាជនឱ្យបានល្អ ដោយកន្លងទៅក៏មានស្ថាប័ននានា ក្នុងនោះស្ថានីយទូរទស្សន៍ CTN ក៏បានធ្វើដែរ សូមឱ្យប្រជាពលរដ្ឋ ចូលរួមថវិកាតាមរយៈកម្មវិធីបែបនេះ៕
អត្ថបទ៖ សន ពិសិដ្ឋ