រូបសម្ដេចតេជោ ហ៊ុន សែន ត្រូវបានជនខិលខូចជាជនជាតិថៃ បង្កើតជាវីដេអូក្លែងបន្លំរយៈពេល២៩វិនាទី ដោយប្រើAI
ភ្នំពេញ៖ មានជនខិលខូចជាជនជាតិថៃ បានបង្កើតវីដេអូក្លែងបន្លំរយៈពេល២៩វិនាទី ដោយយករូបវីដេអូ សម្ដេចតេជោ(សំណេះសំណាលជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥) កាត់តជាមួយសំឡេងនិយាយជាភាសាថៃបន្លំជាសំឡេង សម្ដេចតេជោ ដោយប្រើបច្ចេកវិទ្យា AI។ នេះបើយោងតាមសំណេររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងហ្វេសបុកផ្លូវការ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងសំណេរសម្តេចតេជោ ហ៊ុន សែន ក៏បានបកប្រែនៃសំឡេង AI ភាសាថៃ មកជាភាសាខ្មែរ ផងដែរ។ ទន្ទឹមនេះសម្តេចតេជោក៏បានស្នើដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចទាំងនេះ និងត្រូវចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យបានគ្រប់ៗគ្នា។
ខាងក្រោមជាអត្ថន័យដែលបានបកប្រែពីសំឡេងដែលប្រើបច្ចេកវិទ្យាAI ធ្វើជាសំឡេង សម្ដេចតេជោ៖
- (AI ធ្វើជាសំឡេង សម្ដេចតេជោ)៖ សួស្ដី ខ្ញុំហ៊ុនសែន ឥឡូវនេះខ្ញុំកំពុងប្រមូលមូលនិធិដើម្បីកសាងកងទ័ពច្បាំងជាមួយថៃ សូមបញ្ចូលទឹកប្រាក់ True Money អោយខ្ញុំ ៣០០បាត ហើយខ្ញុំនឹងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅអ្នកវិញជាទឹកប្រាក់ ៥ម៉ឺនបាតភ្លាមៗ ពេលឈ្នះសង្គ្រាម។
- (AI មនុស្សស្រី)៖ ប្រសិនបើក្មួយវេរ True Money ទៅឱ្យលោកពូ ក្មួយនឹងទទួលបាន ៥ម៉ឺនមកវិញ ត្រូវអត់?