កីឡា

MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៤ ចូលរួមលើកស្ទួយនំខ្មែរតាមរយៈវេទិកាប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក

image

កម្មវិធី MasterChef Cambodia មិនត្រឹមតែជាសមរភូមិប្រកួតប្រជែងជំនាញធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាដ៏ធំមួយសម្រាប់លើកកម្ពស់មុខម្ហូប និងបង្អែមខ្មែរឱ្យកាន់តែមានតម្លៃ និងត្រូវបានស្គាល់កាន់តែទូលំទូលាយ។

នៅក្នុងសប្ដាហ៍ទី៤ នៃរដូវកាលទី៤ នំច័ក្កច័ន ដែលជាបង្អែមខ្មែរ បានក្លាយជាវិញ្ញាសាដ៏ស្វិតស្វាញមួយ ដែលមិនត្រឹមតែសាកល្បងថ្វីដៃបេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលាតត្រដាងពីសមត្ថភាពដឹកនាំរបស់បេក្ខជនមួយចំនួនទៀតផង។

ការប្រកួតជាក្រុមជាលើកដំបូង បានដាក់បន្ទុកធ្ងន់ទៅលើប្រធានក្រុមចំនួន ៤ រូប គឺ លក្ម្សី វេជ្ជឌី វិសាល និង សុខហេង។ ពួកគេមិនត្រឹមតែត្រូវធ្វើនំច័ក្កច័នឱ្យមានរសជាតិឆ្ងាញ់តាមបែបបុរាណនោះទេ ប៉ុន្តែថែមទាំងត្រូវច្នៃប្រឌិតថ្មីមួយទៀត ដើម្បីលើកតម្លៃបង្អែមនេះឱ្យឈានទៅកម្រិតថ្មីមួយទៀត។

នៅក្នុងការធ្វើនំច័ក្កច័ននេះ គឺជាការសាកល្បងនូវចំណេះដឹងរបស់បេក្ខជនលើការធ្វើបង្អែមខ្មែរ ការបែងចែកការងារឱ្យសមាជិកក្នុងក្រុមនីមួយៗ និងការយល់ពីសមត្ថភាពគ្នាទៅវិញទៅមក។ រីឯការគ្រប់គ្រងពេលវេលាក៏សំខាន់ផងដែរ ដើម្បីធ្វើឱ្យនំឆ្អិនល្មម មានស្រទាប់ច្រើនជាន់។

វិញ្ញាសានេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការលើកស្ទួយមុខម្ហូបខ្មែរ មិនមែនគ្រាន់តែជាការបង្កើតអ្វីដែលថ្មីប្លែកនោះទេ វាចាប់ផ្ដើមពីការយល់ច្បាស់ពីឫសគល់នៃរសជាតិដើម ហើយទាមទារនូវការសហការដ៏រឹងមាំ ដែលដឹកនាំដោយប្រធានក្រុមដែលចេះស្តាប់ ចេះបត់បែន និងហ៊ានអារកាត់នៅពេលចាំបាច់។

ទស្សនាការប្រកួតជាក្រុមលើកដំបូងក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៤ នៅខាងក្រោម៖