ចិន ស្នើកុំឱ្យអឺរ៉ុបមានក្ដីព្រួយបារម្ភចំពោះការនាំចេញសារធាតុរ៉ែកម្រពីចិន ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌឱ្យបានត្រឹមត្រូវ
ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានធ្វើការអះអាងដើម្បីកុំឱ្យអឺរ៉ុបមានក្ដីព្រួយបារម្ភចំពោះវិធានការរឹតបន្តឹងលើការនាំចេញសារធាតុរ៉ែកម្រ។ លោក បានរៀបរាប់ថា ការត្រួតពិនិត្យទាំងនេះគឺជារឿងធម្មតានោះទេ ហើយអនុវត្តចំពោះទំនិញដែលអាចប្រើបានទាំងសម្រាប់គោលបំណងស៊ីវិល និងយោធា។ លោកកត់សម្គាល់ថា ប្រសិនបើក្រុមហ៊ុនអ៊ឺរ៉ុប អនុវត្តតាមនីតិវិធីត្រឹមត្រូវ តម្រូវការសម្រាប់រ៉ែកម្រ នៅតែអាចដំណើរការទៅបាន ។
លោក វ៉ាង យី បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះ អំឡុងស្ថិតនៅក្នុងទីក្រុងប៊ែកឡាំង កាលពីថ្ងៃព្រហស្បតិ៍ អំឡុងចូលរួមសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកនៅទូទាំងទ្វីបអឺរ៉ុប ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូលរវាងប្រទេសចិន និងសហភាពអឺរ៉ុប នាចុងខែនេះ ។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានរៀបរាប់ជាបន្តទៀតថា «ការនាំចេញធនធានរ៉ែកម្រ នឹងមិនក្លាយជាបញ្ហាចម្បងនៅក្នុងទំនាក់ទំនងរវាងចិន និងអឺរ៉ុប ឬរវាងចិន និងអាឡឺម៉ង់នោះទេ»។ «ដរាបណានីតិវិធីត្រួតពិនិត្យការនាំចេញនៅតែអនុវត្តតាមបទដ្ឋាន និងបំពេញលក្ខខណ្ឌត្រឹមត្រូវ នោះអឹរ៉ុប និងអាឡឺម៉ង់ នៅតែអាចនាំចូលរ៉ែកម្របានជាធម្មតា» ។
គួររម្លឹកថា ប្រទេសចិន កំពុងគ្រប់គ្រងសមត្ថភាពកែច្នៃធនធានកម្រច្រើនជាង ៩០% សម្រាប់ពិភពលោក ដែលធនធានទាំងនោះត្រូវគេប្រើប្រាស់ដើម្បីផលិតទំនិញជាច្រើនប្រភេទ រាប់ចាប់តាំងពីទូរសព្ទ រថយន្ត និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម។ កាលពីខែមេសា ប្រទេសចិនបង្កើតច្បាប់ថ្មីមួយដែលតម្រូវឱ្យក្រុមហ៊ុន ត្រូវទទួលបានការអនុញ្ញាតពិសេស (អាជ្ញាប័ណ្ណ) ពីរដ្ឋាភិបាលក្រុងប៉េកាំងជាមុនសិន មុនពេលពួកគេអាចនាំចេញ ឬផ្ញើធនធានរ៉ែកម្រទាំងនេះទៅកាន់ប្រទេសផ្សេងទៀត ។
ខាងលើនេះ ជាមូលហេតុដែលរដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ លោក យ៉ូហាន់ វ៉េឌីហ្វ៊ូល (Johann Wadephul) បានសម្ដែងនូវក្ដីព្រួយបារម្ភពាក់ព័ន្ធនឹងច្បាប់ទាំងនេះ។ លោកនិយាយដែរថា ចំណាត់ការរឹតបន្តឹងទាំងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ចិននៅក្នុងប្រទេសអាឡឺម៉ង់ ដែលតែងតែជឿទុកចិត្តចិនលើផ្នែកអាជីវកម្ម ហេតុដូចនេះ លោកបានស្នើទៅកាន់រដ្ឋមន្ត្រីការបរទេសចិន ឱ្យព្យាយាមដោះស្រាយឱ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Reuters/ Stock image/ STR/AFP via Getty Images