ការនាំចេញទុរេនរបស់វៀតណាម បន្តធ្លាក់ចុះជាប់ៗគ្នាក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ ២០២៥
វៀតណាម៖ ការនាំចេញទុរេនរបស់វៀតណាម បានបន្តធ្លាក់ចុះក្នុងរយៈពេល៥ខែជាប់ៗគ្នា បញ្ហាជាចម្បងដោយសារតែរងនូវការត្រួតពិនិត្យការនាំចូលយ៉ាងតឹងរ៉ឹងពីសំណាក់ប្រទេសចិន ។
ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញទុរេនវៀតណាម បានធ្លាក់ចុះ ៥៨% ដោយធ្លាក់តម្លៃមកនៅត្រឹម ៣៨៦ លានដុល្លារអាម៉េរិក ដោយកាត់បន្ថយចំណែកនៃការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមពី ៣៥% មកនៅ ១៧% ។
បន្ថែមពីនេះ ការនាំចេញទុរេនទៅកាន់ប្រទេសចិន ដែលជាទីផ្សារទុរេនដ៏ធំមួយរបស់វៀតណាម បានធ្លាក់ចុះខ្លាំងជាងមុន ពោលគឺធ្លាក់ចុះ ៦៧% ដោយធ្វើឱ្យតម្លៃធ្លាក់ចុះមកនៅត្រឹម ២៧៨លានដុល្លារអាម៉េរិក ។
ប្រទេសចិន បានរឹតបន្តឹងលើវិធានការត្រួតពិនិត្យ លើលក្ខណៈធម្មជាតិរបស់ទុរេន ជាមួយនឹងការធ្វើតេស្តយ៉ាងប្រុងប្រយ័ត្ន និងចំណាយពេលយូរ ថាតើទុរេនវៀតណាម បានអនុវត្តតាមបទដ្ឋានសុវត្ថិភាពចំណីអាហារដែរឬទេ ។
ដោយសារតែការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទាំងនេះ ក៏ធ្វើឱ្យវាត្រូវការពេលយូរក្នុងការទទួលបានការនាំចេញទុរេនតាមរយៈគយ ហើយករណីខ្លះ ធ្វើឱ្យទុរេនអាចខូចមុនពេលទទួលបានការអនុញ្ញាតឱ្យនាំចូលទៅក្នុងប្រទេសចិន ។
ជាលទ្ធផល ក្រុមហ៊ុននាំចេញវៀតណាមជាច្រើន កំពុងដាក់កម្រិតលើការនាំចេញខ្នាតតូចៗ ឬផ្អាកការនាំចេញទាំងស្រុងតែម្ដង ដើម្បីផ្តោតលើការអនុលោមតាមច្បាប់ ។
អ្នកជំនាញខាងឧស្សាហកម្ម កំពុងស្នើឱ្យមានការតេស្តសាកល្បងនៅឯកសិដ្ឋាន និងត្រួតពិនិត្យវិញ្ញាបនប័ត្រ ដើម្បីសម្រួលដំណើរការ និងជៀសវាងបញ្ហានៅតាមព្រំដែន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VN Express | រូបភាព៖ VN Express/ VNA/VNS Photo/ CHI NHAN/ The Gulf Observer News/ pikwizard