អបអរសាទរ! មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានព្យាបាលកុមារអាយុ៤ឆ្នាំម្នាក់ កើតជំងឺដុំសរសៃឈាមពកនៅអណ្តាត ដោយជោគជ័យ
សៀមរាប៖ កុមារាម្នាក់អាយុ៤ឆ្នាំមកពីខេត្តបាត់ដំបង បានសម្រាកព្យាបាលនៅមន្ទីពេទ្យជ័យវរ្ម័នទី៧ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយសារជំងឺដុំសរសៃឈាមពកនៅអណ្តាត (Tongue hemangioma) ដ៏ធំ ដែលកើតមានអស់រយៈពេលជាច្រើនខែមកហើយ ព្រមទាំងមានការរំខានក្នុងការញាំអាហារជាខ្លាំង។
អ្នកជំងឺត្រូវបានគេធ្វើរោគវិនិច្ឆ័យដោយការថតឆ្លុះម៉ាស៊ីន MRI និងច្រឹបសាច់ទៅវិភាគ (Biopsy) ហើយបានទទួលការព្យាបាលដោយការប្រើប្រាស់ថ្នាំ Propranolol ។ បន្ទាប់ពីទទួលការព្យាបាលអស់រយៈពេលមួយខែពេញ អ្នកជំងឺមានការវិវត្តល្អណាស់ គឺដុំសរសៃឈាមពកនៅអណ្តាតនោះបានរួមតូចមកវិញដូចធម្មតាយ៉ាងគួរឲ្យកត់សម្គាល់។ កុមារារូបនេះត្រូវបានអនុញ្ញាត្តឲ្យត្រលប់ទៅផ្ទះវិញនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ប្រកបដោយសុខភាពល្អ មិនរំខានដល់ការញុំាអាហារទៀតទេ និងបន្តប្រើប្រាស់ថ្នាំ Propranolol នៅផ្ទះ។ ទន្ទឹមនេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅតែបន្តការតាមដានអ្នកជំងឺរូបនេះដោយការណាត់ជួបរៀងរាល់២ខែម្តង។
សូមបញ្ជាក់ថា កុមាររូបនេះត្រូវបានព្យាបាលដោយក្រុមគ្រូពេទ្យផ្នែកវះកាត់នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានជួយសង្រ្គោះកុមាររូបនេះបានជាសះស្បើយ និងបានត្រលប់ទៅផ្ទះវិញដោយស្នាមញញឹម។ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង។
យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៥ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំផុសស្មារតី "ខ្មែរជួយខ្មែរ" ដើម្បីពលរដ្ឋកម្ពុជារួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើររបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេសកកម្មសង្គ្រោះជីវិតស្ត្រីមានផ្ទៃពោះ ទារក និងកុមារនៅកម្ពុជា ប្រកបដោយគុណភាព មិនគិតថ្លៃ និងមិនមានការរើសអើង។
សប្បុរសជនអាចបន្តចូលរួមជាមួយយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្នុងការកៀរគរថវិការជូនមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីជួយដល់កុមារកម្ពុជា៕