ស្លាប់កម្មករ២នាក់ ក្នុងក្រុមហ៊ុនសំបូរ ម៉ាញនីង (ថ្មម៉ាប) ដោយផ្ទាំងថ្មបាក់សង្កត់
ខេត្តក្រចេះ៖ កម្មករ២នាក់កំពុងធ្វើការក្នុងក្រុមហ៊ុនសំបូរ ម៉ាញនីង (ថ្មម៉ាប) ត្រូវបានថ្មបាក់សង្កត់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតក្នុងគំនរថ្មដ៏ធំៗ នៅថ្ងៃទី០៤ខែ កក្កដា ឆ្នាំ២០២៥ ក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ប្រភពបានឱ្យថា ក្នុងហេតុការណ៍នេះ សមត្ថកិច្ចនិងក្រុមហ៊ុនប្រើពេលជាង៥ម៉ោងទើបអាចយកសាកសពចេញពីគំនរថ្មដ៏ធំៗបាន។ ជនរងគ្រោះ១.ឈ្មោះ កាន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការអារថ្ម រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ (ស្លាប់) ២.ឈ្មោះ ព្រំ ហ្រ្វីវិចារ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ (ស្លាប់) ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីការពិនិត្យសាកសព និងប្រមូលពត៌មានជុំវិញកន្លែងកើតហេតុ បញ្ជាក់ថា ជនរងគ្រោះទាំងពីរ ពិតជាស្លាប់ដោយសារ ថ្មបាក់សង្កត់ បណ្ដាលឱ្យស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សារី ណែត