សង្គម

មន្ត្រីក្រសួងសុខាភិបាល បានចុះពង្រឹងគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ការផលិតឱសថក្នុង នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

image

ភ្នំពេញ៖ លោកស្រីឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ចុះត្រួតពិនិត្យគ្រឹះស្ថានផលិតឱសថ អឺហ្វាក់ ដែលមានអាសយដ្ឋាននៅបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងពេលចុះត្រួតពិនិត្យ ក្រុមការងារក្រសួងសុខាភិបាល បានពិនិត្យតំបន់ផលិតកម្ម មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ និងឃ្លាំងស្តុក។ អំឡុងពេលចុះត្រួតពិនិត្យក្រុមការងារ បានណែនាំដល់គ្រឹះស្ថានផលិតឱសថ ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងណែនាំការងារបច្ចេកទេសនានា ដើម្បីពង្រឹងនូវគុណភាពឱសថ។

ជាមួយគ្នានេះ ក្រុមការងារក្រសួងសុខាភិបាលក៏បានជម្រាបជូនថា រាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់អ្នកវិនិយោគលើវិស័យផលិតឱសថក្នុងស្រុក តាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងណែនាំឱ្យគ្រឹះស្ថាន ត្រូវមានផែនការមេឱ្យបានត្រឹមត្រូវ ក្នុងការពង្រីកខ្សែសង្វាក់ផលិតកម្មថ្មី ចៀសវាងការដាក់ទុនវិនិយោគហើយ មានការខាតបង់ផ្សេងៗ។

ទន្ទឹមនេះដែរ ក្រុមការងារក៏បានណែនាំឱ្យគ្រឹះស្ថានធ្វើការស្រាវជ្រាវនូវរូបមន្តថ្មីៗ ជាពិសេសឱសថបុរាណ ដែលមាននៅក្នុងស្រុកស្រាប់ ដើម្បីលើកកម្ពស់ផលិតកម្មឱសថបុរាណក្នុងស្រុក ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងការចុះពិនិត្យនេះដែរ មានការអញ្ជើញចូលរួមពី លោកសាស្រ្តាចារ្យ ឡឹម តារា និងលោកឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការ លោកវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ លោកសាស្រ្តាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល និងលោកវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ព្រមទាំងលោកប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងមន្រ្តីជំនាញពាក់ព័ន្ធ៕

អត្ថបទ៖ គង់ វណ្ណៈ