កម្ពុជាប្តេជ្ញាចិត្តខ្ពស់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៤% ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិ
ភ្នំពេញ៖ ក្រសួងបរិស្ថានបានសម្របសម្រួលបញ្ចប់ ការរៀបចំផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (២០២៥-២០៣០) 3rd Nationally Determined Contribution 3.0 (NDC3.0) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើងដោយ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបិទសិក្ខាសាលាផ្តល់សុពលភាព «ផែនការជាតិរួមចំណែកការឆ្លើយតប ការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0» នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
ពិធីនេះដោយមានការចូលរួមពី លោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator to Cambodia) រួមនឹងថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការដៃគូសហការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។
លោក អ៊ាង សុផល្លែត បានថ្លែងអបអរសាទរចំពោះជោគជ័យក្មុងរយៈពេល ៧ខែ ដែលក្រុមការងារសម្រេចបាននូវសេចក្តីព្រាងផែនការជាតិ NDC 3.0 នេះឡើង។ សមិទ្ធផលនេះជាមោទកភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តគោលជំហរដ៏រឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោក អ៊ាង សុផល្លែត បានលើកឡើងពីគោលដៅសំខាន់ នៃការរៀបចំផែនការរួមចំណែកជាតិ NDC 3.0 ជំរុញការអភិវឌ្ឍកម្ពុជាប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនទាប តាមរយៈការអនុវត្តវិធានការបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមវិស័យសំខាន់ៗនៅកម្ពុជា។ ជាមួយគ្នានេះ ដើម្បីកសាងផែនការរួមចំណែកជាតិ NDC 3.0 ក្រសួងបរិស្ថាន បានទទួលការគាំទ្រ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍រួមមានសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការយូនីសេហ្វ (UNICEF) និងអង្គការអុកស្វាម (OXFAM) ជាដើម។
សូមជម្រាបថា ក្រសួងបរិស្ថានបានសម្របសម្រួលរៀបចំផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (NDC3.0) ដែលមានវិធានការឆ្លើយតបចំនួន ១៦៨ សកម្មភាព រួមមាន ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៥៣ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុចំនួន ៩៩ និងអន្តរវិស័យចំនួន១៦ (បរិយាប័ន្នសង្គម យេនឌ័រ សិទ្ធិមនុស្ស ជនជាតិដើមភាគតិច ក្រុមងាយរងគ្រោះ រួមមាន កុមារ យុវជន មនុស្សចាស់ និងការគិតគូរអំពីប្រភពធនធានហិរញ្ញវត្ថុ) ផងដែរ។ រាជរដ្ឋាភិបាលគ្រោងបញ្ជូនផែនការរួមចំណែកជាតិ NDC 3.0 ទៅអង្គការសហប្រជាជាតិ នៅពេលឆាប់ៗខាងមុខ គឺមុនកិច្ចប្រជុំលើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (COP30) ដែលនឹងប្រព្រឹត្តទៅនាខែវិច្ចិកា ឆ្នាំ២០២៥ នៅប្រទេសប្រេស៊ីល៕