រដ្ឋលេខាធិការក្រសួងវប្បធម៌ ដឹកនាំពលរដ្ឋខ្មែរ និងជប៉ុន ប្រមាណ៨០០នាក់ ដាំដើមឈើ១ម៉ឺនដើម នៅរមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកការពារបេតិកភណ្ឌពិភពលោក
សៀមរាប៖ ជនជាតិជប៉ុននិងខ្មែរចំនួន៨០០នាក់ បានរួមគ្នា ដាំកូនឈើចំនួន១ម៉ឺនដើម លើផ្ទៃដីទំហំ៥ហិកតា នៅក្នុងឧទ្យានធម្មជាតិអង្គរ នាផ្នែកខាងជើងនៃបារាយណ៍ជយតដាក ដែលការដាំនេះជាផ្នែកមួយ ដើម្បីរួមចំណែកក្នុងការពារបេតិកភណ្ឌពិភពលោក។ ពិធីដាំកូនឈើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ។
សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន លោក ណាអូយ៉ា អូកាដា (Noya Okada) បានថ្លែងនៅក្នុងពិធីប្រារព្ធពិធីដាំដើមឈើលើកទី១ នៅក្នុងឧទ្យានធម្មជាតិអង្គរ រួមគ្នានេះថា គម្រោងដាំដើមឈើ១ម៉ឺនដើម នៅក្នុងឧទ្យានអង្គរថ្ងៃនេះ ក្នុងបំណងដើម្បីការពារក្រុងអង្គរធំ ដែលជាសម្បត្តិបេតិកភណ្ឌ ការពារបរិស្ថានជួយដល់ជីវិតសត្វនិងមនុស្ស ឱ្យកាន់តែប្រសើរឡើង។ ការដាំកូនឈើគឺមានសារសំខាន់ ដោយវាអាចជួយដល់ជីវចម្រុះធម្មជាតិ ជួយដល់បរិស្ថានឱ្យប្រជាពលរដ្ឋអាចរស់នៅមានសុខភាពល្អ ព្រមទាំងអាចធ្វើឱ្យមាននិរន្តភាពនៃប្រភពទឹកនៅក្រោមដី ដើម្បីជួយទ្រទ្រង់ដល់គ្រឹះប្រាសាទបុរាណនានា ឱ្យមានសុវត្ថិភាពផង។
លោក Noya Okada រំពឹងទុកថាការរួមគ្នាដាំដើមឈើរវាងពលរដ្ឋជប៉ុននិងខ្មែរក្នុងថ្ងៃនេះ គឺវាអាចនឹងធ្វើឱ្យធម្មជាតិសំបូរបែបនៅពេលអនាគត។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អាត់ស៊ីស៊ិ អ៊ីណូ(Atsushi Ueno)បានថ្លែងថាជាច្រើនឆ្នាំមកនេះក្រុមហ៊ុនមកពីប្រទេសជប៉ុន មិនត្រឹមតែមកវិនិយោគ ដើម្បីជួយសេដ្ឋកិច្ច ផ្ដល់ការងារលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋខ្មែរទេ គឺក្រុមហ៊ុន ក៏កំពុងចូលរួមការងារសង្គមនៅក្នុងប្រទេសកម្ពុជាជាច្រើន ដូចជាកិច្ចការពារបរិស្ថាននិងកិច្ចការពារសម្បត្តិបេតិកភណ្ឌផងដែរ។ ជាក់ស្ដែង ការជួយសាងសង់សារមន្ទីរព្រះនរោត្តមសីហនុ នៅក្នុងខេត្តសៀមរាប ដើម្បីដាក់វត្ថុសិល្បៈបុរាណ ដែលរកឃើញពីតំបន់អង្គរផងដែរ។ លោកថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការល្អៗថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកនិងពង្រឹងមិត្តភាពជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
លោកស្រី សាន់ណារ៉ា ឡងឌី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា ដែលអញ្ជើញជាអធិបតីនៃពិធីដាំដើមឈើលើកទី១ នៅក្នុងឧទ្យានធម្មជាតិអង្គរ មានប្រសាសន៍ថាដើមឈើគឺជាជីវិត។ បើគ្មានដើមឈើគឺគ្មានប្រភពទឹក គ្មានជីវិតមនុស្ស សត្វនិងជីវចម្រុះ គ្មានបរិស្ថានស្រស់ស្អាតនិងគ្មានអ្វីៗទាំងអស់។
លោកស្រីបញ្ជាក់ទៀតថា នៅក្នុងតំបន់អង្គរគឺដើមឈើមានសារសំខាន់យ៉ាងខ្លាំង។ ដើមឈើមានតួនាទី ក្នុងការទាក់ទាញទឹកភ្លៀង រក្សាបាននូវប្រភពទឹកក្រោមដី ស្រូបយកឧស្ម័នកាបូនិកបំប្លែងទៅជាឧស្ម័នអ៊ុកស៊ីហ្សែន និងផ្ដល់ជាម្លប់ដល់អ្នកទេសចរណ៍និងសត្វផង។ បន្ថែមលើនេះដើមឈើក៏ដើរតួនាទីដ៏សំខាន់ផ្សេងទៀតក្នុងកិច្ចការពារប្រាសាទបុរាណផងដែរ ។ មានន័យថា ប្រាសាទបុរាណខ្មែរជាច្រើន បានសាងសង់លើគ្រឹះដែលជាដីខ្សាច់ ហើយត្រូវការចាំបាច់នូវប្រភពទឹកក្រោមដី និងទឹកភ្លៀង សម្រាប់រក្សានិងបញ្ចូលទឹកទៅក្នុងប្រឡាយ ស្រះ បារាយណ៍ កសិន្ទុបុរាណដែលនៅព័ទ្ធជុំវិញ ដើម្បីជួយចិញ្ចឹមគ្រឹះប្រាសាទ ឱ្យមានលំនឹង និងកុំឱ្យបាក់ដួលរលំ។ ដើមឈើក៏ជួយជារនាំងការពារទប់ទល់ និងការប្រែវប្រួលអាកាសធាតុ ការរីករួមពុកផុយថ្មរបស់ប្រាសាទ និង គ្រោះធម្មជាតិ ខ្យល់ព្យុះ ព្រមទាំងទឹកជំនន់ជាដើម។
ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា ដែលមានកិច្ចសហការជាមួយស្ថាប័នផ្សេងៗ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដាំដើមឈើចម្រុះ នៅក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង២លានដើម៕
អត្ថបទ៖ ជា ស្រស់