ចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនទូរសព្ទពីរនាក់ ដែលបានក្លែងអត្តសញ្ញាណលើស៊ីមកាតទូរសព្ទជាច្រើនលេខ
ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំដោយ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ឈ្មោះ យ.ទ.ព និងឈ្មោះ ប.ល.ស ភេទប្រុស អាយុ ៣០ឆ្នាំ ជាបុគ្គលិកផ្នែកលក់ និងចែកចាយស៊ីមកាត។
ជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេពិតជាលក់ និងចែកចាយស៊ីមកាតទូរសព្ទ ដោយធ្វើការក្លែងបន្លំកាត់តរូបភាព និងអត្តសញ្ញាណដើម្បីបញ្ចូលទៅក្នុងទិន្នន័យព័ត៌មានស៊ីមកាតទូរសព្ទ ដែលសរុបកន្លងមកពួកគេបានក្លែងអត្តសញ្ញាណលើស៊ីមកាតបានជាង ៦០០លេខ ដែលផ្ទុយទៅនឹងគោលការណ៍របស់ក្រុមហ៊ុនទូរសព្ទចល័ត ក៏ដូចជាផ្ដល់លក្ខណៈងាយស្រួលដល់ជនល្មើសក្នុងការយកលេខទូរសព្ទទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត ឬប្រព្រឹត្តបទល្មើស។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ការបញ្ចូលទិន្នន័យដោយទុច្ចរិតទៅក្នុងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តិ ត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ ២ឆ្នាំ នេះបើយោងតាមជំពូកទីពីរមាត្រា៤២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១០១ នៃច្បាប់ទូរគមនាគម៍ បានចែងថា ការយកអត្តសញ្ញាណតតិយជន ដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ក្នុងកាលៈទេសៈដែលនាំឲ្យមាន ការចោទប្រកាន់ខាងព្រហ្មទណ្ឌតតិយជននោះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ ៦លានរៀល។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់បណ្ដាអ្នកលក់ និងអ្នកចែកចាយស៊ីមកាតទូរសព្ទទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការចែកចាយ ឬលក់ស៊ីមកាតដែលមានអត្តសញ្ញាណមិនត្រឹមត្រូវ បើពុំដូច្នោះទេ នឹងអាចប្រឈមមុខតាមផ្លូវច្បាប់ដូចជនទាំង២នាក់នេះ៕