សង្គម

រកឃើញក្រុមហ៊ុនមួយ នៅរាជធានីភ្នំពេញ បង្កផលប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់ការរស់នៅពលរដ្ឋ

image

ភ្នំពេញ៖ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយ លោក ចាប យុធី អនុប្រធានាយកដ្ឋាន សហការជាមួយមន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន ELIZA HUB MFG CO., LTD. ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានរកឃើញការបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្រុមមន្រ្តីបានរកឃើញនៅក្រៅទីតាំងក្រុមហ៊ុនមួយចំនួនដូចជា នៅជុំវិញទីតាំងក្រុមហ៊ុន ជាតំបន់លំនៅឋាន និងរោងចក្រ ដែលស្ថិតនៅជាប់ៗ, នៅចំណុចខាងមុខក្រុមហ៊ុន (ផ្លូវចូល) មានបញ្ហាក្លិនឈ្ងៀម ដែលសាយភាយចេញពីទីតាំងក្រុមហ៊ុន, ប្រជាពលរដ្ឋនៅជុំវិញទីតាំងក្រុមហ៊ុននេះ បានឱ្យដឹងពីបញ្ហាក្លិនអាក្រក់ និងមានក្រុមហ៊ុនឯកជនមួយនៅក្បែរនោះបានធ្វើការប្តឹងតវ៉ា ចំពោះក្លិនមិនល្អកន្លងមក។​

ដោយឡែកនៅក្នុងទីតាំងរោងចក្រ ក្រុមការងារបានរកឃើញថា ក្រុមហ៊ុននេះ បើកដំណើរការសកម្មភាព នៅចុងឆ្នាំ២០២៤ និងបានបង្កើតជារោងចក្រកែច្នៃសំណល់ប្លាស្ទិក ដើម្បីផលិតចេញជាថង់ប្លាស្ទិកមានដៃយួរ (ផលិតផលសម្រេច), វត្ថុធាតុដើមនាំចូលមកកែច្នៃ គឺជាពពួកសំណល់ថង់ប្លាស្ទិក មានចំនួន ៥-៦តោន/ថ្ងៃ, នៅក្នុងដំណើរការផលិតកម្ម ក្រុមហ៊ុនប្រើឡដុតកំដៅអគ្គិសនី ចំនួន២គ្រឿង សម្រាប់ធ្វើការស្លរំលាយសំណល់ប្លាស្ទិក ឲ្យចេញជាគ្រាប់ជ័រ។ បន្ទាប់មកបានយកគ្រាប់ជ័រនោះទៅធ្វើការរំលាយ និងផ្លុំចេញជាបន្ទះថង់ប្លាស្ទិក ដោយប្រើប្រាស់ម៉ាស៊ីនកំដៅអគ្គិសនី និងផ្លុំខ្យល់ ចំនួន ១៩គ្រឿង។ នៅក្នុងដំណើរការស្លរំលាយប្លាស្ទិកនោះ ក្រុមហ៊ុនបានបំភាយក្លិនអាក្រក់ចេញមកក្នុង និងក្រៅអគារផលិតកម្ម។

ទីតាំងឡដុតរំលាយជ័រ និងអគារផលិតកម្មរបស់ក្រុមហ៊ុន ពុំមានបំពាក់ប្រព័ន្ធគ្រឿងបរិក្ខារ សម្រាប់ធ្វើការបឺតស្រូបក្លិនអាក្រក់ទៅធ្វើប្រព្រឹត្តិកម្មឲ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងច្បាប់ទេ។

ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងធ្វើឱ្យសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ ក្រុមការងារបានដាក់វិធានការច្បាប់ឱ្យក្រុមហ៊ុនអនុវត្ត ដោយ
ត្រូវបញ្ឈប់សង្វាក់ផលិតកម្មនៃការដុតរំលាយជ័រដែលនាំឱ្យមានក្លិនអាក្រក់, ត្រូវរងពិន័យអន្តរការណ៍លើករណីល្មើសនឹងមាត្រា៣១៤, ៣១៦, ៣២២, ៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ, ត្រូវរៀបចំកែប្រែទីតាំងឡដុតស្លរំលាយជ័រដោយធ្វើការបំពាក់ប្រព័ន្ធសម្អាតក្លិនឲ្យបានត្រឹមត្រូវតាមស្តង់ដារបរិស្ថាន, ត្រូវរៀបចំរបាយការណ៍ IEIA ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងវាយតម្លៃជាមុន, ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសារធាតុបំពុលខ្យល់ និងលិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារ៕