ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ណែនាំឱ្យក្រសួង ស្ថាប័ន យកចិត្តទុកដាក់ខ្ពស់លើគោលការណ៍សុវត្ថិភាពសន្តិសុខសាយប័រ ដើម្បីការពារប្រព័ន្ធរបស់ខ្លួន ពីការវាយប្រហារដោយក្រុមអនាមិក

image

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានដឹកនាំកិច្ចប្រជុំលើកទី៧ ដើម្បីពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន និងជនបង្គោលផ្នែកសន្តិសុខសាយប័រសរុបប្រមាណ ១៥០នាក់។

ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងក្រុមការងារបច្ចេកទេស ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលការណ៍សុវត្ថិភាពសន្តិសុខសាយប័រ ដើម្បីការពារវេបសាយនិងប្រព័ន្ធរបស់ខ្លួនពីការវាយប្រហារដោយក្រុមអនាមិក (Hacker) ជាយថាហេតុ។

លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងផងដែរអំពីស្ថានភាពទូទៅ និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack) ដែលនាពេលថ្មីៗនេះ វេបសាយនិងប្រព័ន្ធអនឡាញមួយចំនួនរបស់ក្រសួង ស្ថាប័ន បានរងការវាយប្រហារពីក្រុមអនាមិក (Hacker) ក្នុងទម្រង់ជាការវាយប្រហារ Distribute Denial of Service (DDoS) និងការវាយប្រហារតាមទម្រង់ផ្សេងទៀត៕