សង្គម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម (វត្តតូប) នៅខេត្តកំពត

image

កំពត៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តពោធិព្រឹក្សាខារាម ហៅ «វត្តតូប» ស្ថិតក្នុង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់។ ទន្ទឹមនិងនេះលោកជំទាវបណ្ឌិត បានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារារាម ហៅ "វត្តតូប" នាឱកាសនេះ ជាមួយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូ ទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការ នៅក្នុងទីវត្តអារាមនេះ។

លោកជំទាវបណ្ឌិតបានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិក និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្ត ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដើរតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង។

លោកជំទាវបណ្ឌិត ក៏សូមបួងសួងដល់វត្ថុសក្កិសិទ្ធជួយឃុំគ្រង់ប្រទេសកម្ពុជា ជួបតែសេចក្តីសុខចម្រើន ខណៈដែលប្រទេសជិតខាងកំពុងឃ្លានពានទឹកដី។ លោកជំទាវបានធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបានចូលរួមគាំទ្រលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងការពារទឹកដី នេះជាកម្លាំងចិត្តមួយ ចំពោះកងទ័ពជួរមុខដែលកំពុងការពារទឹកដី។

បើតាមរបាយការណ៍ បានឱ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាឱកាសនេះរួមមាន ព្រះវិហារមួយខ្នងដែលមានបណ្ដោយប្រវែង 39,20 ម៉ែត្រ ទទឹងប្រវែង 24,20 ម៉ែត្រ កម្ពស់ 17,60 ម៉ែត្រ, រូបគំនូរបុរាណនៅក្នុងព្រះវិហារ, របងវត្ត, ក្លោងទ្វារ, ផ្លូវបេតុង, បន្ទប់ទឹក, បង្គោលសូឡា, និងសមិទ្ធផលនានាមួយចំនួនទៀត ដោយសរុបជាថវិកាចំណាយអស់ជាង 703,594ដុល្លារ (ចិតសិបម៉ឺនបីពាន់ប្រាំរយកៅសិបបួនដុល្លារអាមរិក)។

សមិទ្ធផលនានា នៅក្នុងបរិវេណវត្ត"តូប"នេះ គឺក្រោមការផ្ដួចផ្ដើមដឹកនាំកសាងនិងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចន្ទបុរីវង្ស រួមទាំងព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លាបានចូលរួមកសាងព្រះវិហារ និងសមិទ្ធផលនានានៅក្នុងទីអារម្មណ៍នេះ។

សូមជម្រាបថាក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យមួយចំនួន ថ្វាយប្រគេនដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ បច្ច័យកសាងវត្ត និងជូនថវិកាដល់ តាជី-យាយជី យុវជនកាយរិទ្ធ យុវត្តីកាយឫទ្ធិនារីកម្ពុជា យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕