ថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និ អភិវឌ្ឍន៍ខេត្តព្រះសីហនុ អំពាវនាវឲ្យសមាជិកបន្តពង្រឹងជួយទៅដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ
ខេត្តព្រះសីហនុ ៖ លោកស្រី គឹម សុភ័ក្រ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ អំពាវនាវឲ្យសមាជិកាគ្រប់រូប ចូលរួមធ្វើសកម្មភាព និងរួមទទួលខុសត្រូវ ដើម្បីជំរុញការងាររបស់សមាគមឱ្យកាន់តែរីកចម្រើនទៅមុខនិង បន្តពង្រឹងជួយទៅដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ។
លោកស្រីប្រធានកិត្តិយសាខាសមាគមននារីបានលើកឡើងដូចនេះ នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០២៥ របស់គណ:កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងចលនាស្ត្រីខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ នាថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៥។
ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ក៏បានផ្ដាំផ្ញើឱ្យសមាជិកទាំងអស់បន្តពង្រឹងកម្លាំងសាមគ្គីភាពផ្ទៃក្នុងបង្កើតភាពស្និទ្ធស្នាលចែករំលែកព័ត៌មានឱ្យគ្នាទៅវិញ ទៅមក បន្តស្វែងរក និងកៀគរហិរញ្ញវត្ថុ និងធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រសកម្មភាពរបស់សមាគម។ បន្តសហការ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសមាគមនារីក្លាយជាស្ថាប័នមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងការកាត់បន្ថយភាពក្រីក្រ ដើម្បីរួមចំណែកដល់ការគាំទ្រយុទ្ធសាស្ត្រជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិស្រ្តី កុមារ និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ កម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ។
លោកស្រីប្រធានសាខាសមាគមននារី លើកទឹកចិត្តបងប្អូននារីយើង ជាសមាជិកានៃសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ប្រាជ្ញា ស្មារតីក្នុងការបំពេញបេសកកម្មជូនសង្គមជាតិ និងមាតុភូមិ។
ទន្ទឹមនោះ លោកស្រីប្រធានសាខាសមាគមនារី បានអរគុណ សមាជិក សមាជិកាសាខាសមាគមនារីខេត្ត និងអនុសាខាសមាគមនារីក្រុង ស្រុក ដែលបានចូលរួមយ៉ាងសកម្មទាំងស្មារតី កម្លាំង និងថវិកា ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ស្រ្តី កុមារ ជនងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងប្រកបដោយសមធម៌ និងការស្រលាញ់ចំពោះមនុស្សនៅជុំវិញខ្លួន ជាពិសេសអ្នកដែលកំពុងជួបការលំបាកពិតប្រាកដ៕
អត្ថបទ ៖ ប៉ៃ សុឃីម