ប្រធានាធិបតីសហរដ្ឋអាម៉េរិក គំរាមយកពន្ធគយបន្ថែម ១0% ទៀតទៅលើប្រទេសណា ដែលឈរនៅខាងក្រុម Brics
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសដែលនៅឈរខាងគោលនយោបាយនៃសម្ព័ន្ធភាព ប្រីកស៍ (Brics) ប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក នឹងត្រូវរងការ បន្ថែមលើតារាងពន្ធ ១0% ពីលើតារាងពន្ធដែលមានស្រាប់បន្តទៀត ។
លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកធ្លាប់បានធ្វើការរិះគន់ស្ថាប័ន Bric ជាយូរមកហើយ ជាស្ថាប័នមួយបង្កើតជាសម្ព័ន្ធភាពដែលបង្កើតឡើង ដើម្បីជំរុញជំហររបស់ប្រទេសសមាជិកនៅលើឆាកអន្តរជាតិក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាម៉េរិក និងក្រុមប្រទេសអឺរ៉ុបភាគខាងលិច។
ស្ថតិនៅក្នុងន័យនេះ លោកដូណាល់ត្រំាបានបង្ហោះសារនៅលើបណ្តាញ Truth Social របស់គាត់កាលពីថ្ងៃអាទិត្យថា ប្រទេសណាមួយដែលតម្រឹមខ្លួនឯងជាមួយនឹងគោលនយោបាយប្រឆាំងអាម៉េរិក គឺក្រុមប្រជាជាតិស្ថិតនៅក្នុងស្ថាប័ន BRICS នឹងត្រូវបានគិតពន្ធបន្ថែម ១0% ។ លោកបានបន្តទៀតថា លោកនឹងមិនមានករណីលើកលែងចំពោះគោលនយោបាយនេះទេ។
ការធ្វើអត្ថាធិប្បាយរបស់លោកដូណាល់ត្រំានេះ បានកើតមានឡើងបន្ទាប់ពីប្រទេសជាក្រុមសមាជិក Brics បានធ្វើការរិះគន់ទៅលើគោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិក ក៏ដូចជាការស្នើសុំធ្វើកំណែទម្រង់ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម។
គួររំលឹកផងដែរថា កាលពីឆ្នាំមុន បញ្ជីឈ្មោះសមាជិកក្រុមប្រជាជាតិ Bricks បានពង្រីកខ្លួនកាន់តែធំហួសពីប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដោយបានរួមបញ្ចូល ប្រទេសអេហ្ស៊ីប អេត្យូពី ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួម។
ប្រទេសនៅក្នុងប្លុកទំាងអស់នេះ មានច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក។
មេដឹកនាំក្រុមប្រទេស Brics បានចាប់ផ្តើមកិច្ចប្រជុំនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីចុងសប្តាហ៍នេះ ដោយធ្វើការអំពាវនាវសូមឱ្យមានកំណែទម្រង់ចំពោះស្ថាប័នពិភពលោក និងដាក់សម្ព័ន្ធភាពជាវេទិកាមួយនេះ សម្រាប់វិស័យការទូត ស្របពេលដែលកំពុងតែមានជម្លោះពាណិជ្ជកម្មកើនឡើង និងភាពតានតឹងភូមិសាស្ត្រនយោបាយរវាងក្រុមប្រទេសមហាអំណាចទំាងពីរ ពោលគឺចិន និងសហរដ្ឋអាម៉េរិក។
ដោយយោងតាមសេចក្តីថ្លែងការណ៍រួមមួយចេញពីកិច្ចប្រជុំកំពូល(Brics)កាលពីចុងសប្តាហ៍កន្លងទៅ បានរិះគន់លើតារាងពន្ធគយថាជាការគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកដែលនាំមកនូវ "ភាពមិនច្បាស់លាស់ នៅក្នុងសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ" ។
ស្ថិតនៅក្នុងជំនួបកំពូលនោះដែរ ក្រុមេដឹកនាំប្រីកស៍ ក៏បានថ្លែងថ្កោលទោសលើការវាយប្រហារដោយយោធាលើអ៊ីរ៉ង់កាលពីខែមិថុនា ពីសហរដ្ឋអាម៉េរិក ដោយបានហៅការវាយប្រហារនោះថា ថាជាការបំពានច្បាប់អន្តរជាតិ៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ BBC/Others