លោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រៀមចុះ MOU ស្ដីពីការបង្ការ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងពេលបំពេញទស្សនកិច្ចប្រទេសសិង្ហបុរី
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរី រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក K. Shanmugam រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី។
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក K.Shanmugam រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី ព្រមទាំងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពី ការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។ ក្រៅពីនេះក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី ព្រមទាំងបន្តដឹកនាំគណៈប្រតិភូទស្សនកិច្ចស្វែងយល់នៅតាមបណ្ដាទីតាំងសំខាន់ៗពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ។
សូមបញ្ជាក់ជូនថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី បានបង្កើតយន្តការសហប្រតិបត្តិការក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនតាំងពីឆ្នាំ២០០៨។ ឈរលើស្មារតីសហប្រតិបត្តិការនេះ ក្រសួងទាំងពីរបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់កម្រិត ព្រមទាំងកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើស។
សូមបញ្ជាក់ថា អនុស្សារណៈត្រៀមចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីការបន្តប្ដេជ្ញាចិត្តរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបទល្មើសប្រឈមពាសពេញសកលលោក និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិយមទាំងកម្រិតទ្វេភាគី និងពហុភាគី៕