លោកត្រាំ ជំរុញកូរ៉េខាងត្បូង ឱ្យបង់ប្រាក់១០ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ជំនួយការពារពីយោធាអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នាពេលថ្មីៗនេះ និយាយថា កូរ៉េខាងត្បូងគួរតែបង់ប្រាក់ចំនួន ១០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ សម្រាប់វត្តមានយោធាអាម៉េរិក ដែលបាននិងកំពុងជួយការពារប្រទេសនេះជាបន្តបន្ទាប់មក។ ការអត្ថាធិប្បាយរបស់លោកត្រាំ បានធ្វើឡើងអំឡុងកិច្ចប្រជុំនៅឯសេតវិមាន ។
លោកត្រាំ (Trump) រៀបរាប់ជាបន្តទៀតថា វត្តមានរបស់ទាហានសហរដ្ឋអាម៉េរិក ស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីសង្គ្រាមកូរ៉េ (១៩៥០-១៩៥៣) ហើយបានផ្តល់នូវការការពារផ្នែកយោធាយ៉ាងសំខាន់ដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាបបំផុត។ លោកបានអះអាងដែរថា អំឡុងកាន់តំណែងកាលពីអាណត្តិមុន លោកបានធ្វើកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង ដោយឱ្យរដ្ឋធានីសេអ៊ូលបានបង់ប្រាក់ចំនួន ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ការគាំទ្រផ្នែកសន្តិសុខពីសំណាក់សហរដ្ឋអាម៉េរិក ។
លោកបានរម្លឹកប្រាប់កូរ៉េខាងត្បូងថា «១០ ពាន់លានដុល្លារក្នុងមួយឆ្នាំនឹងទទួលបានការការពារសមស្របជាងនេះ» ក្រោយពេលអតីតប្រធានាធិបតីចូ បៃដិន (Joe Biden) បានលុបចោលកិច្ចព្រមព្រៀង ៣ពាន់លានដុល្លារ អំឡុងចូលកាន់តំណែង ។
លោកត្រាំ (Trump) រៀបរាប់ជាបន្តថា រដ្ឋបាលរបស់លោកកំពុងនិយាយទៅកាន់ប្រទេសផ្សេងទៀតអំពីការបង់ប្រាក់បន្ថែមទៀតសម្រាប់ថ្លៃការពារដោយយោធារបស់សហរដ្ឋអាម៉េរិក មិនត្រឹមតែតាមរយៈអង្គការណាតូមួយមុខប៉ុណ្ណោះទេ។ លោកបានចង្អុលបង្ហាញថា មានទាហានអាម៉េរិកប្រហែល ៤៥,០០០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង និង ៥២,០០០ នាក់នៅក្នុងប្រទេសអាឡឺម៉ង់ ដែលលោកអះអាងថា បានជួយប្រទេសទាំងនោះខាងផ្នែកសេដ្ឋកិច្ច ។
នៅចុងបញ្ចប់ លោកបានលើកឡើងថា កូរ៉េខាងត្បូងកំពុងរកប្រាក់ចំណូលបានច្រើនខ្លាំងណាស់ ដូច្នេះហើយ គួរតែហ៊ានចំណាយលើវិស័យយោធាបន្ថែមទៀត ដើម្បីការពារខ្លួន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Viory | រូបភាព៖ Reuters/ Kim Jae-hwan and Jung Yeon-Je via AFP