ព័ត៌មានអន្តរជាតិ

មន្ត្រីរុស្ស៊ី កោតសរសើរមីយ៉ាន់ម៉ា សម្រាប់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ានជាមួយនឹងរុស្ស៊ី

image


រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ីហ្គី ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែកក្កដា) បានធ្វើការកោតសរសើរចំពោះប្រទេសមីយ៉ាន់ម៉ា ក្នុងការសម្របសម្រួលកិច្ចសន្ទនាដែលជួយលើកកម្ពស់ដល់ «ភាពជាដៃគូយុទ្ធសាស្ត្រ» រវាងអាស៊ាន ជាមួយនឹងរុស្ស៊ី ។
អ្នកការទូតកំពូលរបស់រុស្ស៊ី បានធ្វើការអត្ថាធិប្បាយយ៉ាងដូច្នេះ អំឡុងចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រួមជាមួយនឹងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយរដ្ឋមន្ត្រីការបរទេសផ្សេងទៀត ដែលមកពីប្រទេសអូស្ត្រាលី ចិន និងសហរដ្ឋអាម៉េរិក ។
បន្ថែមពីនេះ លោកឡាវរ៉ូវ (Lavrov) ក៏មានជំនួបដាច់ដោយឡែកមួយផ្សេងទៀត ជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូបីយ៉ូ (Marco Rubio) សម្រាប់កិច្ចពិភាក្សានៅក្នុងជំនួបដោយផ្ទាល់ជាលើកទី២ រវាងមន្ត្រីទាំងពីរ នៅស្របពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) មានការខកចិត្តកាន់តែខ្លាំងឡើងៗ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពុទីន (Vladimir Putin) ខណៈសង្រ្គាមនៅអ៊ុយក្រែន នៅតែបន្តអូសបន្លាយដោយគ្មានដំណោះស្រាយច្បាស់លាស់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ Valery Sharifulin via TASS/ AFP/ Bernama