សង្គម

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជា-ទីម័រឡេស្តេ រិះរកការបំពេញឲ្យគ្នាទៅវិញទៅមក រវាងវិស័យថាមពលនិងស្បៀង

image

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី​ Fernanda Lay ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ច របស់លោកស្រីមកកាន់ប្រទេសកម្ពុជា នៅពេលនេះ គឺជាការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្តេ ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត ខណៈក្នុងនោះក្របខណ្ឌនីតិប្បញ្ញត្តិ ​ក៏មានការវិវឌ្ឍល្អប្រសើរផងដែរ។

លោកស្រី បានសម្ដែងការអរគុណ ចំពោះកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែង ជួយគាំទ្រចំពោះទីម័រឡេស្តេ ឱ្យចូលជាសមាជិកទី១១ របស់អាស៊ាន នៅក្នុងខែតុលាខាងមុខ ដែលធ្វើឱ្យទីម័រឡេស្តេ អាចសម្រេចបាននូវក្តីសុបិនរបស់ខ្លួន។

លោកស្រី បានបញ្ជាក់ថា លោកជំទាវបានរៀនសូត្រជាច្រើនពីកម្ពុជា ជាពិសេសគឺបទពិសោធន៍របស់សម្ដេចតេជោតែម្ដង។ លោកស្រីពិតជារីករាយ ដែលបានមកដល់ប្រទេសកម្ពុជាជាលើកដំបូង ហើយបានឃើញប្រទេសកម្ពុជាដ៏ស្រស់ស្អាត និងមានភាពរីកចម្រើន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្តែងក្តីរីករាយផងដែរ ដែលទីម័រឡេស្តេ ត្រូវបានបណ្ដាប្រទេសសមាជិកអាស៊ាន សម្រេចឲ្យចូលជាសមាជិកអាស៊ាន នៅខែតុលាខាងមុខ ហើយនេះគឺជាក្តីរំពឹង និងការចង់បានរបស់សម្ដេចតេជោ ដែលសម្ដេចផ្ទាល់បានខំប្រឹងប្រែងជួយ ទីម័រឡេស្តេតាំងពីដើមមក។ សម្ដេចបានបញ្ជាក់ថា នៅពេលដែលទង់ជាតិរបស់ទីម័រឡេស្តេបង្ហូតជាផ្លូវការ ចូលជាសមាជិកទី១១ របស់អាស៊ាន សម្ដេចត្រៀមនឹងធ្វើពិធីអបអរសាទរ ជាមួយនឹងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីទីម័រឡេស្តេផងដែរ។

សម្ដេចតេជោ ក៏បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផងដែរ ដែលត្រូវតែពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព ជាពិសេសការបំពេញឲ្យគ្នាទៅវិញទៅមក រវាងវិស័យថាមពល និងវិស័យស្បៀងជាដើម។

សម្ដេចបានបញ្ជាក់ជាថ្មីថា កម្ពុជាមានសន្តិសុខស្បៀង ឯទីម័រឡេស្តេ មានសំខាន់គឺមានសន្តិសុខថាមពល ដូច្នេះត្រូវការបំពេញឲ្យគ្នា ទៅវិញទៅមក។ សម្ដេចសង្ឃឹមថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងធ្វើការជាមួយគ្នា ដើម្បីធ្វើយ៉ាងណា ក្នុងការបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរ៕

អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ប៉ក់ សុឃីម, ង៉ាន់ សំណាង