ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ យើងទាំងអស់គ្នាគឺជាខឿនការពារ ជាតិ ប្រជាជន និងចូលរួមគាំទ្ររាជរដ្ឋាភិបាល ដោយគោរពស្រឡាញ់វីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខកម្ពុជា

image



ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក )បានបង្កើតព្រឹត្តិការណ៍ «តស់ ! ទៅច្រៀងចម្រៀងជាតិលើកទឹកចិត្តវីរកងទ័ពជួរមុខ» ដែលប្រព្រឹត្តទៅ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការជួបជុំ យុវជន និង ស្រទាប់មហាជន រាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា មូលហេតុដែលមានការជួបជុំនេះ ដោយសារតែមានការគំរាមកំហែងទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាពីភាគីថៃ ដែលជាការគំរាមកំហែង ទៅលើសុខសន្តិភាព និង ស្ថិរភាពកម្ពុជាផងដែរ។

លោកបានមានប្រសាសន៍បន្តថា « ភាគីថៃបានធ្វើការគំរាមកំហែងបិទនេះ បិទនោះ ដែលមានបំណងមើលស្រាលមកលើកម្ពុជា សម្រាប់ការឈរជើងដ៏រឹងមាំរបស់ព្រះរាជាណាចក្រកម្ពុជាដោយខ្លួនឯង តែមកដល់ម៉ោងនេះបានឈរលើស្មារតីដ៏រឹងមាំ និងមានការជឿជាក់ថា ទោះបីអស់លោក មានការគំរាមកំហែង តែព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនចាំបាច់អស់លោកដាក់វិធានការគំរាមបិទនោះទេ គឺកម្ពុជាបិទមុនតែម្ដង ហើយរហូតមកដល់ពេលនេះ កម្ពុជាបានឈរជើងដ៏រឹងមាំដើម្បីបំរើប្រជាជនកម្ពុជា » ។

ទន្ទឹមនឹងនោះ ការបិទច្រកព្រំដែនដោយឯកតោភាគីរបស់ថៃ គឺជាអំពើមួយ អសីលធម៌ មិនមានការគោរពភាគីកម្ពុជា តែទង្វើទាំងអស់នេះ វាប៉ះពាល់ទៅដល់ជីវភាពរស់នៅទាំងប្រជាជនខ្មែរ និង ប្រជាជនថៃ ដែលជីវភាពរបស់ពួកគាត់ពឹងផ្អែកទៅលើ ការដោះដូរអាជីវកម្ម ពីមួយថ្ងៃទៅមួយថ្ងៃ ដែលទង្វើទាំងអស់នេះ បញ្ជាក់យ៉ាងច្បាស់ មិនមានការគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនខ្មែរ និងប្រជាជនថៃ ដែលរស់នៅតាមបន្ទាត់ព្រំដែននោះទេ ។

ជាមួយគ្នានេះ ក៏មានសកម្មភាពញុះញង់ បង្កើនការប្រមាថ ដែលយើងឃើញទាំងអស់គ្នាហើយថា ថៃមានការចល័ត កងទ័ព ព័ន្ធរបងលួស គឺមិនមានចេតនាណាមួយដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធីនោះទេ។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ថា ស្ថានភាព និង ទឹកមុខប្រជាជនដែលរើសចេញពីផ្ទះសំបែងរបស់ពួកគាត់ចេញពីតំបន់មានជម្លោះ រឹតតែធ្វើឱ្យយើងដឹងអំពីគុណតម្លៃនៃសុខសន្តិភាព ដែលមានសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ឈរលើមូលដ្ឋាននេះ ស្ថានភាពរបស់ពួកគាត់ក៏បានបញ្ជាក់លើការប៉ុនប៉ង ឈ្លានពាន នឹកគំរាមកំហែងមកលើ សុខសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា ដូច្នេះការជួបជុំគ្នានៅថ្ងៃនេះក៏ជាការបង្ហាញ ទៅលើការគាំទ្រគោលការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគាំទ្រជំរុញកម្លាំងចិត្តដល់កងទ័ពជួបមុខរបស់កម្ពុជា។

ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏ការគាំទ្រគោលជំហរបស់រាជរដ្ឋាភិបាលមានដូចជា ៖
១ . ក្នុងការបន្តរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ទាំងអស់រួមទាំងប្រទេសថៃផងដែរ។

២ . គាំទ្រការប្រើប្រាស់យន្តការទ្វេភាគី ក្នុងការជំរុញវាស់វែងព្រំដែនសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា ថៃ ដែលនៅសេសសល់ អនុលោមតាមកិច្ចព្រមព្រៀងជាធរមាន រួមទាំង MOU ឆ្នាំ២០០០ ដោយJBC និងគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដោយយកតំបន់ទាំងបួន គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង តំបន់មុំបី ដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ អាយស៊ីជេ  ដែលជាជម្រើសរបស់កម្ពុជា ដោះស្រាយដោយសន្តិវិធី និងផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ជាជាងការដោះស្រាយដោយកម្លាំង ដើម្បីដោះស្រាយបញ្ហា ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ដែលរកដំណោះស្រាយទៅលើតំបន់ទាំងបួន នៅតុលាការអន្តរជាតិ ពីព្រោះបើមិនពឹងផ្អែកលើភាគីទី៣ តុលាការយុត្តិធម៌អន្តរជាតិទេនោះ ជម្លោះបែបនេះនឹងបន្តមិនចេះចប់មិនចេះហើយ ដូចយើងបានដឹងហើយតាំងពីជំនាន់ព្រះករុណាព្រះបរមរតនកោដ្ឋ ជម្លោះស្រដៀងគ្នានេះ បានកើតឡើងរួចមកហើយ នៅប្រាសាទព្រះវិហារ ។ ក្នុងដំណាក់កាលឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១ នៅតែយកបញ្ហាប្រាសាទព្រះវិហារបង្ករជាជម្លោះម្ដងទៀត ដែលកម្ពុជាពេលនោះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ។

កម្ពុជាក្នុងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងឆ្នាំ២០០០ ដោយប្រើរយៈពេល ២៣ ឆ្នាំកន្លះ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់សម្ដេចអធិបតីជាង ២ ឆ្នាំទៀត នៅតែមិនអាចដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់បាន។

ដូច្នេះ ដើម្បីដោះស្រាយបញ្ហាកុំឲ្យមានការអូសបន្លាយ ដល់អ្នកជំនាន់ក្រោយ កម្ពុជាមានតែជម្រើស យកជម្លោះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ អាយស៊ីជេ ដោះស្រាយជាស្ថាពរសម្រាប់តំបន់ទាំងបួន ។

៣ . គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងការបើកព្រំដែន ដោយភាគីថៃបើកមុន ជាឯកតោភាគីគ្រប់ច្រកទាំងអស់ ដូចស្ថានភាពមុនថ្ងៃទី៧ ខែមិថុនា ទាំងពេលវេលាបើកបិទ ទាំងការចល័តមនុស្ស ទាំងការដឹកទំនិញចេញចូល ហើយត្រូវប្រកាសវិធានការមិនត្រូវបិទព្រំដែនជាឯកតោភាគីម្ដងទៀតឡើយ បើសិនភាគីថៃបានអនុវត្តបែបនោះ ភាគីកម្ពុជានិងបើកច្រកយ៉ាងយូរ៥ម៉ោងក្រោយ ដើម្បីបង្កើនជំនឿចិត្តទៅដល់ភាគីទាំងពីរ មុននឹងដល់ការកែសម្រួលកងទ័ពនៅតាមបន្ទាត់ព្រំដែន ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺមានកម្មវិធីជាច្រើនមហាជន និងក្រុមយុវជនដែលមានអាវរំលេចអក្សរខ្មែរពីខាងមុខថា មោទនភាពជាតិខ្មែរ និងពីខាងក្រោយសរសេរថា យើងខ្មែរ បានរួមគ្នាស្រែកច្រៀងចម្រៀងជាតិយ៉ាងកងរំពង ដើម្បីបង្ហាញភក្តីភាពដល់ជាតិ និងលើកទឹកចិត្តដល់វីរកងទ័ពអង់អាចក្លាហានរបស់កម្ពុជា កំពុងនៅជួរមុខការពារទឹកដី៕

អត្ថបទ ៖ គង់ វណ្ណៈ