ព័ត៌មានជាតិ

ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH របស់កាតា ជម្រាបសម្តេចតេជោ អំពីបំណងចង់វិនិយោគលេីវិស័យកសិកម្ម និងទេសចរណ៍ នៅកម្ពុជា

image


ភ្នំពេញ៖ លោក Fahd Al-Dosari ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH របស់ប្រទេសកាតា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ, លោកបានបង្ហាញ អំពីបំណងចង់វិនិយោគលេីវិស័យកសិកម្ម និងទេសចរណ៍ នៅកម្ពុជា ដោយសារកម្ពុជាមានសន្តិសុខ និងសន្តិភាពល្អ។ នេះបេីតាមលោក​ ជា ធីរឹទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់ឱ្យដឹងក្រោយជំនួប។

អ្នកនាំពាក្យឱ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោ បានបង្ហាញនូវសក្តានុពលយ៉ាងច្រេីន ដែលលោកប្រធានផ្នែកទំនាក់ទំនង ក្រុមហ៊ុន អាចចាប់អារម្មណ៍ ក្នុងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដេីម។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ចំពោះវិស័យកសិកម្ម កម្ពុជាចង់បានការវិនិយោគកែច្នៃ ហេីយនាំចេញទៅលក់នៅទីផ្សារពិភពលោក។

លោកប្រធានផ្នែកទំនាក់ទំនង បានថ្លែងអំណរគុណសម្តេច ចំពោះការបញ្ជាក់នូវសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា លោកមានចំណាប់អារម្មណ៍ក្នុងការវិនិយោគលេីវិស័យកសិកម្ម និងទេសចរណ៍ ក្នុងប្រទេសកម្ពុជា។

លោកថា ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍ ក្នុងការវិនិយោគនៅកម្ពុជា ដោយសារកម្ពុជា មានសន្តិភាព សន្តិសុខ ល្អ ដែលជាកត្តាអំណោយផលពីក្រុមហ៊ុនបរទេស ក្នុងការវិនិយោគ ជាពិសេសក្រុមហ៊ុនរបស់លោកផ្ទាល់តែម្តង។ លោកបន្តថា ការបង្វែរការវិនិយោគមកតំបន់អាស៊ីអាគ្នេយ៍នេះ គឺក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍ស្វែងរកឱកាស នៅក្នុងប្រទេសកម្ពុជាដំបូងគេ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ ដែលក្រុមហ៊ុន AMH របស់កាតា ចាប់អារម្មណ៍ សក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ។ ជាពិសេស ការផ្តល់តម្លៃលេីកត្តាសន្តិសុខ និងសន្តិភាពនៅកម្ពុជា ដែលអំណោយផលដល់ការវិនិយោគ។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ទិសទីទាំងអស់ ហេីយកម្ពុជា ជាឱកាសវិនិយោគរបស់ពួកគេ៕

អត្ថបទ ៖ ឈឹម​ ធីតា រូបភាព៖ ប៉ក់ សុឃីម, ង៉ាន់ សំណាង