ព័ត៌មានអន្តរជាតិ

ប្រទេសចំនួន២៨ រួមទំាងជប៉ុន បានថ្កោលទោសអ៊ីស្រាអ៊ែលពីបទ “ឃាតកម្មដ៏ឃោរឃៅ” លើជនស៊ីវិលហ្គាហ្សា ខណៈមានការអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់

image


មជ្ឈិមបូព៌ា៖ ក្រុមប្រទេសចំនួន២៨ ប្រជាជាតិ ដោយរាប់បញ្ចូលទំាងប្រទេសជប៉ុន អង់គ្លេស បារំាង និងកាណាដា បានលើកឡើងថា ប្រទេសអ៊ីស្រាអ៊ែលត្រូវតែបញ្ឈប់ជាបន្ទាន់នូវសង្គ្រាមរបស់ខ្លួននៅក្នុងដែនដីហ្គាហ្សា ខណៈដែលក្រុមប្រទេសទំាងអស់នោះបានធ្វើការរិះគន់ទៅលើអ្វីដែលគេហៅថា “ជាការកាប់សម្លាប់ដោយអមនុស្សធម៌បំផុត” ទៅលើប្រជាពលរដ្ឋប៉ាឡេស្ទីន រាប់បញ្ចូលទំាងទីតំាងចែកចាយស្បៀងអាហារដែលស្ថិតនៅក្បែរដែនដីហ្គាហ្សាផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមប្រទេសទំាង២៨នេះ បានធ្វើការថ្កោលទោសនូវអ្វីដែលគេហៅថា “ជាភាពសោកសៅ និងភាពខ្សោះទៅនៃជំនួយ” ជួយដល់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ខណៈតួលេខជនរងគ្រោះស្លាប់បានកើនឡើងដល់ទៅ៨០០នាក់ក្នុងគ្រាដែលពួកគេកំពុងតែដង្ហោយហៅរកជំនួយសង្គ្រោះបន្ទាន់នោះ នេះមិនទាន់រាប់បញ្ចូលជនស៊ីវិលដែលបានស្លាប់នៅក្នុងសង្គ្រាមរវាងភាគីអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់នៅឡើយទេ។
ក្រុមរដ្ឋមន្រ្តីការបរទេសទំាង២៨ប្រជាជាតិនោះ បាននិយាយនៅក្នុងសេចក្តីប្រកាសរួមគ្នាថា ជនស៊ីវិលដែលស្លាប់ភាគច្រើនគឺស្ថិតនៅក្នុងបរិវេណដែនដីហ្គាហ្សា និងទីតំាងកន្លែងមូលនិធិមនុស្សហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានលើកឡើងបន្ថែមទៀតថា នេះជាភាពគ្រោះថ្នាក់បំផុតមួយដែលបានដកហូតនូវសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋនៅក្នុងដែនដីហ្គាហ្សា និងបង្កអស្ថេរភាពដ៏ចម្បងមួយ ស្របពេលភាពសោកសង្រេងរបស់ពលរដ្ឋស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាបានឈានចូលដល់ដំណាក់កាលដ៏ជ្រាលជ្រៅមួយ។
ស្ថិតនៅក្នុងគ្រាដ៏សោកសៅនេះដែរ រដ្ឋាភិបាលប្រទេសអង់គ្លេសបានបង្កើតឱ្យកញ្ចប់ជំនួយមនុស្សធម៌មួយសម្រាប់ជួយដល់ពលរដ្ឋនៅក្នុងដែនដីហ្គាហ្សាមានទឹកប្រាក់ទំហំ៦០លានផោន ឬស្មើនឹង៨០.៩លានដុល្លារអាម៉េរិក៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters