ព័ត៌មានជាតិ

ចិនរិះគន់អ៊ុយក្រែន ដែលសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិន និងស្នើឱ្យកែកំហុសជាបន្ទាន់

image


ចិន៖ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានជាប្រចាំក្នុងរដ្ឋធានីប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) បានថ្កោលទោសចំពោះការសម្រេចចិត្តរបស់អ៊ុយក្រែន ក្នុងការដាក់ទណ្ឌកម្មថ្មីៗលើក្រុមហ៊ុនចិនជាង១០ក្រុមហ៊ុនកាលពីថ្ងៃចន្ទ ដោយលោកជំរុញឱ្យរដ្ឋធានីគីវ ផ្លាស់ប្តូរគោលជំហរនេះ ។

លោកគូ (Guo) មានប្រសាសន៍ថា «ប្រទេសចិន ប្រឆាំងយ៉ាងដាច់ខាតនូវទណ្ឌកម្មដោយឯកតោភាគីដែលខ្វះមូលដ្ឋានច្បាប់ស្ថិតនៅក្រោមច្បាប់អន្តរជាតិ និងមិនទទួលបានការអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាមុនឡើយ» ។ លោករៀបរាប់ជាបន្តថា «យើងជំរុញឱ្យអ៊ុយក្រែន កែកំហុសរបស់ខ្លួនជាបន្ទាន់ៗ និងលុបបំបាត់ផលប៉ះពាល់អវិជ្ជមានទាំងនោះចេញ។ ប្រទេសចិន នឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន» ។

ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelensky) បានចុះហត្ថលេខាលើក្រឹត្យអនុម័តទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនបរទេសជិត ៣០០ក្រុមហ៊ុន រួមទាំងក្រុមហ៊ុនចំនួន ១៤ មកពីប្រទេសចិន។ ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីខ្មៅ ត្រូវប្រឈមនឹងការរឹតបន្តឹងផ្សេងៗ រាប់ចាប់តាំងពីការបង្កកទ្រព្យសកម្ម និងការហាមឃាត់ពាណិជ្ជកម្ម រហូតដល់ការផ្អាកកាតព្វកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៀតផង (មានន័យថា ក្រុមហ៊ុនក្នុងស្រុកអាចផ្អាកកិច្ចសន្យាណាមួយជាមួយក្រុមហ៊ុនបរទេស) ។

បន្ទាប់មកទៀត អ្នកនាំពាក្យរូបនេះ ក៏បានបង្ហាញនូវការស្វាគមន៍ និងអបអរសាទរចំពោះការប្រកាសនូវបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយចិនសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងអស់នូវរាល់គំនិតផ្តួចផ្តើមដែលរួមចំណែកដល់ការកែលម្អស្ថានភាពតានតឹង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Viory | រូបភាព៖ Global Times/ Others