ក្រសួងការពារជាតិកម្ពុជា ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំងទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង ០០:០០យប់មិញ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពអត់ធ្មត់។ កម្ពុជាច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។
ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។
លោកឧបនាយករដ្ឋមន្ត្រី ទា សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា លោកបានទំនាក់ទំនង (តាមទូរសព្ទ) ជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួនដែលបានកើតឡើងក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំGBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ យោងតាមសេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕