ប្រធានាធិបតីត្រាំ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌាមិនទាន់បញ្ចប់នៅឡើយទេ ហើយឥណ្ឌាអាចនឹងប្រឈមពន្ធពេញលេញ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា មិនទាន់បានបញ្ចប់នៅឡើយទេ។ លោកក៏បានព្រមានដែរថា ប្រសិនបើមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយត្រឹមថ្ងៃទី១ ខែសីហានោះទេ សហរដ្ឋអាម៉េរិក អាចនឹងដំឡើងពន្ធគយពេញលេញលើទំនិញឥណ្ឌា ។
ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍មួយដែលអះអាងថា ប្រទេសឥណ្ឌា នឹងប្រឈមពន្ធចន្លោះពី ២០% ទៅ ២៥% លើការនាំចេញទំនិញរបស់ខ្លួន ប្រសិនបើមិនអាចសម្រេចកិច្ចព្រមព្រៀងណាមួយមុនថ្ងៃឱសានវាទនោះទេ ។
មេដឹកនាំសហរដ្ឋអាម៉េរិករូបនេះ បានលើកឡើងជាបន្តទៀតថា «ឥណ្ឌាជាមិត្តល្អ ប៉ុន្តែឥណ្ឌាបែរជាគិតពន្ធខ្ពស់លើទំនិញរបស់សហរដ្ឋអាម៉េរិកទៅវិញ ពោលគឺច្រើនជាងប្រទេសដទៃទៀត ហើយលោកថា សកម្មភាពនេះគួរតែមានការផ្លាស់ប្ដូរ» ។
ទន្ទឹមនឹងនោះ មន្ត្រីឥណ្ឌា និយាយថា ពួកគេគ្រោងនឹងបន្តកិច្ចពិភាក្សាពាណិជ្ជកម្មឱ្យបានកាន់តែទូលំទូលាយជាមួយសហរដ្ឋអាម៉េរិកនៅពាក់កណ្តាលខែសីហា នៅពេលក្រុមមន្ត្រីអាម៉េរិកធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា។ ពួកគេសង្ឃឹមថា នឹងអាចសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មពេញលេញនៅខែតុលា ។
គួររម្លឹកថា ពាណិជ្ជកម្មទំនិញទ្វេភាគីសរុបរវាងឥណ្ឌា និងសហរដ្ឋអាម៉េរិក បានឈានដល់ប្រហែល ១២៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដោយឥណ្ឌាបានប្រកាសអតិរេកពាណិជ្ជកម្មក្នុងទំហំចំនួនជិត ៤៦ ពាន់លានដុល្លារអាម៉េរិក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Reuters/ AP