លោកឧបនាយករដ្ឋមន្ត្រី ហ៊ុនម៉ានី៖ ការធ្វើជំរឿន គឺជាកំណែទម្រង់រដ្ឋបាលសាធារណៈនិងធ្វើបច្ចុប្បន្នភាពដឹកនាំការ គ្រប់គ្រងមន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋ
ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ ដល់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលទំនើបមានសមត្ថភាពខ្ពស់។
កំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធ្វើបច្ចុប្បន្នភាពដឹកនាំ ការគ្រប់គ្រងមន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋ ។ នេះជាប្រសាសន៍លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងឱកាសបើកយុទ្ធនាការជំរឿនមន្ត្រីរាជការ នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី
មានប្រសាសន៍បន្តថា ការធ្វើជំរឿនមន្ត្រីរាជការ គឺជាការធ្វើបច្ចុប្បន្នភាពទិន្ន័យមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយពិនិត្យផ្ទៀងផ្ទាត់មន្ត្រីជាក់ស្តែង នៅតាមអង្គភាពនីមួយៗ ក្នុងគោលដៅរៀបផែនការពង្រឹងសមត្ថភាពមន្ត្រី បំរើការងារចំគោលដៅ បំរើឱ្យការធ្វើផែនការ គោលនយោបាយគ្រប់គ្រងធនធានមនុស្ស បង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ បង្កើនប្រសិទ្ធភាពប្រកួតប្រជែងរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។
ការធ្វើជំរឿន ពិតជាមានសារៈសំខាន់ហើយជាមូលដ្ឋានគ្រឹៈ គ្រប់គ្រងនិងអនុវត្តវិស័យមុខងារសាធារណៈ និងជាការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ។
ទិន្ន័យនៃការធ្វើជំរឿន នឹងជួយរាជរដ្ឋាភិបាលក្នុងកាវាយតំលៃមូលធនមនុស្ស នៅតាមក្រសួងស្ថាប័ន អង្គភាពនីមួយៗ និងការពង្រីកចំនួនមន្ត្រីជំនាញ ចំគោលដៅការងារ។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា៖“មូលធនមនុស្ស ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឱ្យទៅជាការពិត នៅឆ្នាំ២០៥០ ខាងមុខ។ ការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវសមត្ថភាពប្រកួតប្រជែងប្រកបដោយជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុងបរិការណ៍តំបន់ និងសកលលោក។ ដូចនេះ ការពង្រីក និងការពង្រឹងមូលធនមនុស្សគឺជាការចាំបាច់ និងបន្ទាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក៏ដូចជានិន្នាការតំបន់ និងសកលលោក។”
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលតែងតែផ្តោតអាទិភាពវិនិយោគលើ «មូលធនមនុស្ស» ដែលជាធនធានដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់គ្រប់ការអភិវឌ្ឍសុខភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ ការបង្កើតតម្លៃបន្ថែម ការទាក់ទាញវិនិយោគ ការលើកកម្ពស់នវានុវត្តន៍ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ឈរលើស្មារតីនេះ ការគ្រប់គ្រងធនធានមនុស្សតាមអភិក្រម សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី គឺ «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»៕
អត្ថបទ៖ វង សុភ័ក្ត្រ