លោក ឡាយ សំកុល ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤ តំណាងព្រឹទ្ធសភា ជំនួសលោក លី ណារុន ដែលត្រូវបញ្ចប់អាណត្តិ

ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ បានបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួម ចំនួន ៥៥រូប។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បានឱ្យដឹងថា
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ការបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ១រូបតំណាងព្រឹទ្ធសភា។
ដោយអនុលោមតាមមាត្រា៦ និងមាត្រា៧ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានស្នើសុំឱ្យព្រឹទ្ធសភាជ្រើសតាំងឥស្សរជន១រូប ជា សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ (២០២៥-២០៣០) តំណាងព្រឹទ្ធសភា ជំនួសលោក លី ណារុន ដែលត្រូវបញ្ចប់អាណត្តិ។
ស្របតាម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នីតិកាលទី៥ និងការផ្សព្វផ្សាយជាសាធារណៈ តាមសេចក្តីជូនដំណឹងលេខ ៨៧២/០៧២៥/អ.ពស/នវ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ រហូត ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលពាក្យសុំ និងធ្វើការ ពិនិត្យលើឯកសារពាក់ព័ន្ធ ដើម្បីដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
បន្ទាប់ពីការសម្រេចលើសុពលភាពបេក្ខជនដោយគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា រួចមក សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បានដំណើរការនីតិវិធីបោះឆ្នោត ហើយលោក ឡាយ សំកុល ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើ ពុករលួយ សម្រាប់អាណត្តិទី៤ (២០២៥-២០៣០) ដោយទទួលបានការគាំទ្រចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងនាមជាបេក្ខជនជាប់ឆ្នោត លោក ឡាយ សំកុល បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ដែលបានផ្តល់សេចក្តី ទុកចិត្ត និងគោរព និងថ្វាយជូន អនុប្រធានទី១ អនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងសមាជិកានៃអង្គព្រឹទ្ធសភាដ៏ឧត្តុង្គឧត្តមដែលបានបោះឆ្នោតគាំទ្រដល់ លោក ឡាយ សំកុល ធ្វើជាតំណាងព្រឹទ្ធសភា នៅក្នុងក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ និងបានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះឱ្យទទួលបានជោគជ័យ និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕
អត្ថបទ ៖ សន ពិសិដ្ឋ









